
ក្រុមពណ៌ក្រហម ដែលដឹកនាំដោយ បេក្ខនារី សាន វេជ្ជឌី បានប្រកួតក្នុងវិញ្ញាសាធ្វើ «នំច័ក្កច័ន» កាលពីសប្ដាហ៍ទី៤ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤។
ជាមួយនឹងទំនុកចិត្ត និងមានសមាជិកដែលពោរពេញដោយសមត្ថភាព វេជ្ជឌី ដែលជាប្រធានក្រុម បានបង្ហាញពីក្ដីសង្ឃឹមខ្ពស់ក្នុងការឈ្នះលើវិញ្ញាសានេះ ប៉ុន្តែកំហុសដ៏ធ្ងន់ធ្ងរមួយ បានត្រឹមធ្វើឱ្យក្រុមទាំងមូលមានការសោកស្ដាយ។

ក្នុងរយៈពេល ៧០នាទីដូចគ្នា ក្រុមពណ៌ក្រហម និងក្រុមដទៃទៀត ត្រូវបានគណៈកម្មការតម្រូវឱ្យធ្វើ នំច័ក្កច័នរសជាតិដើម និងរសជាតិកែច្នៃ ប៉ុន្តែក្រុមក្រហមមិនបានធ្វើនំច័ក្កច័នរសជាតិកែច្នៃសម្រាប់ដាក់ជូន Judge ទាំង៣ ដែលមាន Judge ណារ៉ា ជេស៊ីកា និង ម៉េងហ៊ី ដើម្បីវិនិច្ឆ័យឡើយ ដោយយល់ថានំនៅឆៅ។ ផ្ទុយទៅវិញ ក្រុមក្រហមបានយកនំរសជាតិដើម បន្ថែមជាមួយគ្រឿងផ្សំបន្តិចបន្តួចរួចដាក់ជូនពួកគាត់ដើម្បីពិនិត្យ។ ចំពោះគណៈកម្មការ ណារ៉ា បានបង្ហាញការសោកស្ដាយដែលប្រធានក្រុម វេជ្ជឌី មិនហ៊ានអារកាត់ យកនំកែច្នៃរបស់ពួកគេមកដាក់ឱ្យពួកគាត់ភ្លក់។
មូលហេតុចម្បង គឺដោយសារតែការកិនម្សៅមិនបានល្អ ដែលធ្វើឱ្យការចម្អិនទាំងមូលត្រូវយឺតយ៉ាវ។ ចំណែក បូរ៉ា ដែលជាសមាជិក បានព្យាយាមសង្គ្រោះស្ថានការណ៍ ប៉ុន្តែយឺតពេលទៅហើយ។

ក្នុងសប្ដាហ៍នេះបានបង្ហាញថា ភាពជាអ្នកដឹកនាំមិនមែនគ្រាន់តែជាការណែនាំនោះទេ ប៉ុន្តែវាក៏ជាការដោះស្រាយបញ្ហាភ្លាមៗមុននឹងអ្វីៗត្រូវហួសពេល និងប្រើសិទ្ធិជាប្រធានក្រុមក្នុងការសម្រេចចិត្ត។ ហើយសម្រាប់សមាជិកក្រុម ការធ្វើតាមការណែនាំតែម្យ៉ាងគឺមិនគ្រប់គ្រាន់ទេ ត្រូវបានយោបល់កែលម្អផងដែរ។
ទស្សនាសប្ដាហ៍ទី៤ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖