
សប្ដាហ៍ទី៥ កម្មវិធី MasterChef Cambodia រដូវកាលទី៤ បានក្លាយជាចំណុចរបត់មួយសម្រាប់ដំណើរក្នុងផ្ទះបាយរបស់ អាលីសា។ បេក្ខនារីដែលជានិស្សិតឆ្នាំទី៣ជំនាញដឹកជញ្ជូន បានបង្ហាញពីសក្ដានុពលរបស់ខ្លួន តាំងពីជាប់ក្នុងចំណោមបេក្ខជនកំពូលទាំង២៥។ ប៉ុន្តែការប្រកួតប្រអប់អាថ៌កំបាំងជាលើកទី២នៅសប្ដាហ៍នេះ បានក្លាយជាពេលវាលាដ៏លេចធ្លោរបស់អាលីសា។
តម្រូវឱ្យបង្កើតម្ហូបបំពងដោយប្រើប្រេងឆា Healthy Chef ម្ហូបរបស់ អាលីសា ដែលមានឈ្មោះថា «គ្រាប់បាល់ឋានសួគ៌ា» បានធ្វើឱ្យគណៈកម្មការសរសើរមិនដាច់ពីមាត់ពីតុល្យភាពនៃភាពច្នៃប្រឌិត និងរសជាតិរបស់បេក្ខនារីដែលមកពីខេត្តពោធិ៍សាត់។

នៅក្នុងការប្រកួតដែលបេក្ខជនជាច្រើនបានយល់ខុសពីបច្ចេកទេសបំពង ហើយធ្វើមិនសូវបានល្អ អាលីសាបានលេចធ្លោជាងគេដោយសារតែភាពច្បាស់លាស់នៃការយល់ដឹងពីបច្ចេកទេសចម្អិន និងការគ្រប់គ្រងពេលវេលាបានយ៉ាងល្អ។

ជ័យជម្នះជាលើកដំបូងនេះមិនត្រឹមតែធ្វើឱ្យនាងទទួលបានការសរសើរប៉ុណ្ណោះទេ តែវាបានផ្ដល់ឱ្យអាលីសានូវអាទិភាពដ៏សំខាន់ក្នុងវគ្គបន្ទាប់ គឺការជ្រើសរើសគ្រឿងផ្សំគោលសម្រាប់បេក្ខភាពដទៃទៀត និងជ្រើសរើសបេក្ខជនពីរនាក់ឱ្យឡើងទៅឈរជាមួយនាងនៅកន្លែងដែលមានសុវត្ថិភាព។
ទស្សនាសប្ដាហ៍ទី៥ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖