
នៅក្នុងសប្ដាហ៍ទី៥ កម្មវិធី MasterChef Cambodia រដូវកាលទី៤ ការប្រកួតប្រអប់អាថ៌កំបាំងជាលើកទីពីរ បានរកឃើញបេក្ខជនមានស្នាដៃឆ្នើម៣រូបគឺ រតនៈ អាលីសា និង ម៉ៃឡាង។ ដោយមានប្រេងឆា Healthy Chef ជាគ្រឿងផ្សំគោល បេក្ខជនទាំងអស់ត្រូវបានតម្រូវឱ្យចម្អិនម្ហូបបំពងមួយមុខក្នុងរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។
បន្ទាប់ពីធ្វើបានល្អកាលពីសប្ដាហទី៤ រតនៈ បានបន្តធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ជាថ្មីម្តងទៀតជាមួយនឹងម្ហូបឈ្មោះ «ញាំសាឡាត់» របស់ខ្លួន ទាំងល្បឿននៃការចម្អិន ទឹកសុសមានរសជាតិឆ្ងាញ់ និងការរៀបចំពោរពេញដោយគំនិតច្នៃប្រឌិត។ ចំណែក អាលីសា និងម៉ៃឡាង បានឈានជើងចូល Top 3 ជាលើកដំបូងក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង ក៏ដូចជាក្នុងផ្ទះបាយ MasterChef ផងដែរ។
សម្រាប់ ម្ហូបរបស់អាលីសា ដែលមានឈ្មោះថា «គ្រាប់បាល់សួគ៌ា» មានរសជាតិដែលមានតុល្យភាពគ្នាបានល្អ និងការរៀបចំបែបសាមញ្ញាតែទាក់ទាញ។ ងាកមកម្ហូប «បុកល្ហុងផ្កាយ៧» របស់ម៉ៃឡាងវិញ ក៏បានធ្វើឱ្យគណៈកម្មការស្ញប់ស្ញែងជាមួយនឹងទឹកសុស និងការច្នៃប្រឌិតផងដែរ។
ដោយសារវិញ្ញាសាតម្រូវឱ្យមានអ្នកឈ្នះតែម្នាក់ ដូច្នេះ អាលីសា គឺជាជម្រើសរបស់គណៈកម្មការទាំង៣រូប។ ការបង្ហាញថ្វីដៃរបស់បេក្ខជនទាំង៣រូបបានឱ្យឃើញថា
នៅក្នុងកម្មវិធី MasterChef រសជាតិនិងគំនិតច្នៃប្រឌិតតែងតែទទួលបានការឱ្យតម្លៃជានិច្ច។
ទស្សនាសប្ដាហ៍ទី៥ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖