
បេក្ខនារី ជា សុវាចា បានចូលរួមក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៤ ដែលជាការចូលរួមក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោកនេះជាលើកទីពីររបស់ខ្លួន។ បន្ទាប់ពីបរាជ័យក្នុងការទទួលបានអាវអៀមសកាលពីរដូវកាលទី ៣ ការវិលត្រឡប់របស់ សុវាចា នៅរដូវកាលនេះ បានបង្ហាញពីការតាំងចិត្តខ្ពស់ផងដែរ។
សុវាចា ដែលជាបេក្ខនារីមានអាយុ ២០ឆ្នាំ មកពីខេត្តកំពង់ធំ បានឆ្លងកាត់ឧបសគ្គជាច្រើន រហូតដល់សប្ដាហ៍ទី៦នេះ។

ជាសមាជិកនៃក្រុមដែលចាញ់ក្នុងការប្រកួតជាក្រុម ក្នុងសប្ដាហ៍ទី៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ សុវាចា ត្រូវប្រឈមមុខនឹងវិញ្ញាសាសម្ពាធ ដែលជាប្រអប់អាថ៌កំបាំង។ សុវាចា ទទួលបានគ្រឿងផ្សំគោល សាច់ចំឡកក្រៅ ដែលជាផ្នែកមួយដ៏ពិបាកក្នុងការចម្អិនពីសត្វជ្រូក។ ទោះបីជាបានចម្អិនម្ហូបហើយ និងយកចានមកដាក់មុនគេក៏ដោយ ក៏គណៈកម្មការបានរកឃើញថា សាច់ក្នុងចានរបស់ សុវាចា នៅឆៅ ដែលជាកំហុសដ៏ធ្ងន់ធ្ងរមួយ មិនអាចកើតឡើងបានឡើយក្នុងផ្ទះបាយលំដាប់ថ្នាក់ពិភពលោកមួយនេះ។

នេះជាការសោកស្ដាយមួយសម្រាប់បេក្ខនារីម្នាក់ដែលពោរពេញដោយក្តីសង្ឃឹមរូបនេះ។ ការចាកចេញពីកម្មវិធីរបស់សុវាចា បណ្ដាលមកពីការធ្វេសប្រហែសដ៏ធំមួយ ដែលបេក្ខជននីមួយៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ សូមជម្រាបថា សុវាចា គឺជាបេក្ខភាពទី៤ ដែលត្រូវបានជម្រុះចេញ។
ទស្សនាសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖