
កាលពីសប្ដាហ៍ទី៣ កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បេក្ខជន ចំរើន បូរ៉ា បានឈ្នះការប្រកួតប្រអប់អាថ៌កំបាំង និងទទួលបានសិទ្ធិក្នុងការជួយសង្គ្រោះបេក្ខជនចំនួន ១២ នាក់ពីការប្រកួតរងសម្ពាធក្នុងនោះមានរួមទាំង កញ្ញា, លាងហាក់, លីថូ, សុវាចា និង ចំរ៉ុង ដែលក្រោយមកបានក្លាយជាសមាជិកក្រុមក្រោមការដឹកនាំរបស់បូរ៉ា នៅក្នុងសប្ដាហ៍ទី៦។

ឈានមកដល់ការប្រកួតជាក្រុមដែលពោរពេញដោយសម្ពាធក្នុងសប្ដាហ៍ទី៦ អ្វីៗបានផ្លាស់ប្តូរ។ ក្រុមពណ៌ក្រហមរបស់បូរ៉ា បានទទួលបរាជ័យក្នុងវិញ្ញាសាចម្អិនម្ហូបខ្មែរ ម្ហូបចិន និងម្ហូបអឺរ៉ុប។ ពិតណាស់ប្រធានក្រុម មានចំណែកធំមួយនៅក្នុងបរាជ័យនេះ។ ប៉ុន្តែ បូរ៉ាត្រូវបានផ្តល់ជម្រើសចំនួន២គឺ សង្គ្រោះសមាជិករបស់ខ្លួនចំនួន ពីរនាក់ ឬសង្គ្រោះខ្លួនឯង។ លើកនេះ គាត់បានជ្រើសរើសជម្រើសចុងក្រោយ គឺសង្គ្រោះខ្លួនឯង។

ការសម្រេចចិត្តនេះគឺគួរឱ្យភ្ញាក់ផ្អើល ជាពិសេសនៅពេលដែលក្នុងចំណោមសមាជិកក្រុមរបស់គាត់នៅសប្ដាហ៍នេះ មានបេក្ខជនដែលគាត់មិនបានជ្រើសរើសដើម្បីសង្គ្រោះកាលពីសប្ដាហ៍ទី ៣ រួមមាន អាលីសា, វិសាល, ណាវី, វិច្ឆិកា និង វិបុល ដែលជាជម្រើសចុងក្រោយមិនអាចប្រកែកបាន។

ការសម្រេចចិត្តរបស់បូរ៉ាក្នុងសប្ដាហ៍ទី ៦ អាចសមហេតុផល។ ក្រុមរបស់គាត់ទើបតែបានចាញ់ការប្រកួតដ៏តានតឹង។ ក្នុងនាមជាប្រធានក្រុម បន្ទុកទាំងអស់ត្រូវធ្លាក់មកលើខ្លួន ប៉ុន្តែបូរ៉ា ក៏មិនបានបន្ទោសទៅលើកូនក្រុមណាម្នាក់នោះដែរ។ ជាមួយជម្រើសពីរដ៏លំបាក ការជ្រើសរើសជួយសង្គ្រោះខ្លួនឯងគឺជាការការពារខ្លួនឯងផង ឬបូរ៉ាយល់ថា គាត់ធ្លាប់ផ្ដល់ឱកាសម្ដងរួចមកហើយសម្រាប់កូនក្រុមមួយចំនួន ហើយគាត់នៅតែបន្តរក្សាជំហរ មិនជួយសង្គ្រោះបេក្ខជនដទៃទៀត រួមទាំង អាលីសា និង វិសាល ដែលជាមិនមែនជាជម្រើសរបស់បូរ៉ា តាំងពីដំបូង ព្រោះកម្មវិធីតម្រូវឱ្យប្ដូរកូនក្រុមគ្នាចំនួន ២នាក់។
បើសិនជាអ្នកស្ថិតក្នុងកាលៈទេសៈបែបនេះ តើអ្នកនឹងសម្រេចចិត្តដូចបូរ៉ា ដែរឬទេ ឬហ៊ានប្រថុយនឹងការចាកចេញពីកម្មវិធី បើធ្វើមិនបានល្អនៅវិញ្ញាសាបន្ទាប់? ទស្សនាសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖