
នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ មានម្ហូបខ្មែរចំនួនពីរមុខ ត្រូវបានបង្ហាញនៅក្នុងការប្រកួតដ៏តានតឹងមួយ ដែលតម្រូវឱ្យបេក្ខជនទាំងអស់ ធ្វើការជាក្រុម។
ក្រុមពណ៌ខៀវរបស់បេក្ខនរី ជា ស្រីពេជ្រ បានធ្វើ “សម្លប្រហើរ” ស្របពេលដែលក្រុមរបស់បេក្ខជន ចំរើន បូរ៉ា បានធ្វើទឹកគ្រឿង ដែលឱ្យឈ្មោះថា “ទឹកគ្រឿងនឹកស្រុក”។ គណៈកម្មការបានកោតសរសើរពីរសជាតិ និងការរៀបចំបង្ហាញដ៏ល្អរបស់ក្រុមពណ៌ខៀវ ដោយបង្ហាញពីភាពប៉ិនប្រសប់ផ្នែកបច្ចេកទេស។ នេះគឺជាពេលមួយដើម្បីបង្ហាញពីម្ហូបខ្មែរនៅលើឆាកអន្តរជាតិផងដែរ។

ផ្ទុយទៅវិញ ក្រុមពណ៌ក្រហម មិនទាន់ធ្វើបានល្អនោះទេ ដោយសាររសជាតិមិនទាន់ដិតល្អ ដូចទៅនឹងរសជាតិដើមរបស់ខ្មែរ។ កំហុសនេះ ជាផ្នែកមួយបានធ្វើឱ្យក្រុមក្រហមត្រូវទទួលរងនូវបរាជ័យនៅក្នុងវិញ្ញាសាប្រកួតជាក្រុម ដែលត្រូវបានផ្ដល់ពេលវេលាឱ្យរយៈពេល៦០នាទីដើម្បីចម្អិនម្ហូបចំនួន ៣មុខ រួមមាន ម្ហូបខ្មែរ ម្ហូបចិន និងម្ហូបអឺរ៉ុប។
គួរបញ្ជាក់ដែរថា កម្មវិធី MasterChef Cambodia តែងតែបង្ហាញពីម្ហូបខ្មែរទៅកាន់ទស្សនិកជននៅទូទាំងពិភពលោកតាមរយៈបណ្ដាញសង្គមនានារបស់ក្រុមហ៊ុន CBS និងក្រុមហ៊ុន Khmer Beverages ដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។
ទស្សនាសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖