
នៅក្នុងកាយវិការប្រកបដោយសន្តិភាព ព្រះសង្ឃជាង ២,៥៦៩ អង្គបានចូលរួមធម្មយាត្រាដើម្បីសន្តិភាព នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដែលបាននាំមកនូវសារសម្រាប់សន្តិភាព សុវត្ថិភាព និងស្ថិរភាព ព្រមទាំងឱ្យដោះលែងកងទ័ពខ្មែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលជាសារព័ត៌មានដ៏ល្បីល្បាញលើពិភពលោក។
វីឌីអូរបស់ Reuters ទទួលបានចំនួនអ្នកទស្សនារហូតដល់ ២សែននាក់ ចំនួនចុច Like Comment និង Share ជាង ២ម៉ឺនដង ក្នុងរយៈពេលត្រឹមតែ ១០ម៉ោងប៉ុណ្ណោះ។
ព្រះសង្ឃចំនួន ២,៥៦៩ អង្គ បានរួមគ្នាបង្កើតជាធម្មយាត្រាក្នុងគោលបំណងធំៗចំនួន ៣ រួមមាន៖
ទី១) សុំបិណ្ឌបាត្រឱ្យមានការគោរពបទឈប់បាញ់ជានិរន្តន៍ នៃប្រទេសទាំងពីរ (កម្ពុជា-ថៃ)
ទី២) សុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប ដែលត្រូវចាប់ជាចំណាប់ខ្មាំង ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា និង
ទី៣) សុំបិណ្ឌបាត្រឱ្យរក្សាសន្តិភាព សុវត្ថិភាព និងស្ថិរភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរជានិរន្តន៍។
ធម្មយាត្រានេះបានចាប់ផ្តើមពីទីតាំងប្រវត្តិសាស្ត្រវត្តភ្នំ ដោយបន្តទៅមហាវិថីព្រះនរោត្តម ទៅកាន់វិមានឯករាជ្យ នាម៉ោង ៣រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥៕

