
ឧត្តរមានជ័យ៖ អំឡុងពេលដែលក្រុមការងារមូលនិធិទ្រទ្រង់កងទ័ពនិងជនភៀសសឹក ដែលបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង កំពុងតែចុះចែកអំណោយដល់កងទ័ព ក៏សង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ បានបន្តនាំយកនូវអំណោយផ្ទាល់ខ្លួនជូនដល់បងៗកងទ័ព ដែលនេះបង្ហាញពីទឹកចិត្តខ្មែរជួយខ្មែរ និងការគោរពចំពោះកងទ័ពដ៏អង់អាចដែលពលីដើម្បីការពារបូរណភាពទឹកដី។
សូមជម្រាបថា ក្រុមការងារមូលនិធិទ្រទ្រង់កងទ័ព និងជនភៀសសឹក ដែលបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បាននាំយកអំណោយជាអង្ករ គ្រឿងឧបភោគបរិភោគ និងអាវភ្លៀង ផ្តល់ជូនដល់វីរកងទ័ពនៃកងពលតូចថ្មើរជើងលេខ៤២ ដែលកំពុងឈរជើងការពារព្រំដែននៅទិសប្រាសាទតាមាន់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងស្មារតីសមរភូមិក្រោយ ឈរនៅពីក្រោយសមរភូមិមុខ យ៉ាងរឹងមាំ និងជាធ្លុងមួយ។
ពិធីប្រគល់ និងទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា នាឃុំគោកមន ស្រុកបន្ទាយអំពិល ដោយមានការចូលរួមពីក្រុមការងារមូលនិធិ និងលោកវរសេនីយ៍ទោ ឯម ផល្លា នាយសេនាធិការរងកងពលតូចថ្មើរជើងលេខ៤២ តំណាងលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស។
អ្វីដែលគួរឱ្យកត់សម្គាល់ និងបង្ហាញពីសាមគ្គីភាពជាតិដ៏រឹងមាំនោះគឺ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃ បានបន្តនាំយកអំណោយផ្ទាល់ខ្លួន មកឧបត្ថម្ភដល់កងទ័ពបន្ថែមទៀត។ ទិដ្ឋភាពនេះ បានបង្ហាញយ៉ាងច្បាស់ពីទឹកចិត្តខ្មែរជួយខ្មែរ ជាធ្លុងមួយក្នុងការគាំទ្រដល់កងកម្លាំងការពារជាតិ៕

