
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានធានាចំពោះភ្ញៀវទេសចរអន្តរជាតិថា ប្រទេសក្រកម្ពុជា នៅតែជាគោលដៅសន្តិភាព និងសុវត្ថិភាព ទោះបីជាមានភាពតានតឹងនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃក៏ដោយ។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវនូវកម្មវិធីប្តូរយករង្វាន់ រវាងធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines កាលពីម្សិលមិញនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា កម្ពុជានៅតែជាគោលដៅសន្តិភាព និងសុវត្ថិភាពសម្រាប់ទាំងអស់គ្នាក្នុងការធ្វើដំណើរ និងរៀបចំផែនការធ្វើដំណើរ ខណៈតំបន់ទេសចរណ៍ និងតំបន់បេតិកភណ្ឌដ៏ល្បីល្បាញរបស់កម្ពុជា ដំណើរការជាធម្មតា និងត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរគ្រប់រូប។
លោករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោ បាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រហែល ៦,៧លាននាក់ក្នុងឆ្នាំ ២០២៤ កើនឡើង ២៣% ធៀបនឹងឆ្នាំ២០២៣។ នៅក្នុងឆមាសទីមួយឆ្នាំ២០២៥នេះ ការមកដល់របស់ទេសចរអន្តរជាតិ បានឈានដល់ ៣,៥លាននាក់ កើនឡើងជិត ១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ការពង្រឹងការតភ្ជាប់ផ្លូវអាកាស បដិសណ្ឋារកិច្ច និងការច្នៃប្រឌិតបែបឌីជីថល គឺជាគន្លឹះក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ លោកបានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដោយសង្កត់ធ្ងន់ថា វិស័យទេសចរណ៍គឺជាឧស្សាហកម្មដ៏សំខាន់មួយ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅគ្រប់កម្រិត។
លោករដ្ឋមន្ត្រី ក៏បានផ្សព្វផ្សាយយុទ្ធនាការ “រដូវបៃតង” របស់កម្ពុជា ដែលដំណើរការពីខែឧសភា ដល់ខែតុលា ដោយអញ្ជើញភ្ញៀវទេសចរឱ្យរីករាយជាមួយទេសភាពខៀវស្រងាត់ អាកាសធាតុត្រជាក់ និងបរិយាកាសកាន់តែស្រស់ស្រាយក្នុងរដូវភ្លៀងធ្លាក់នៅកម្ពុជា។
តាមការណ៍ព្យាកររបស់ក្រសួងទេសចរណ៍ បានប៉ាន់ប្រមាណថា នៅឆ្នាំ២០២៥នេះ កម្ពុជា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ចន្លោះពី ៧,២លាននាក់ ទៅ ៧,៥លាននាក់៕