
នៅក្នុងការប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិត ក្នុងសប្ដាហ៍ទី៩ បេក្ខនារី លីម កញ្ញា គឺជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខភាពតែ ២នាក់ ដែលបានប្រឈមមុខនឹងសម្ពាធ ដោយទទួលបានគ្រឿងផ្សំគោលខុសពីអ្នកដទៃ។ មានពេលត្រឹមតែ ៦០ នាទី ការប្រកួតនេះមិនត្រឹមតែជាការចម្អិនម្ហូបឱ្យឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការបត់បែនរបស់បេក្ខជនផងដែរ។
ជំនួសឱ្យការភ័យស្លន់ស្លោ កញ្ញាបានសម្របខ្លួនទៅតាមការផ្លាស់ប្តូរនេះ ដោយបានចម្អិននូវ “ស៊ុបសុខភាពពុយឡេង” ដែលធ្វើឱ្យគណៈកម្មការបានកោតសរសើរចំពោះការប្រែក្លាយអ្វីដែលនឹកស្មានមិនដល់ទៅជាគុណសម្បត្តិ ដែលនេះជាការបង្ហាញឱ្យឃើញថា ការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត អាចជម្នះនូវឧបសគ្គចំពោះមុខ ទោះបីស្ថិតក្រោមលក្ខខណ្ឌដ៏តានតឹងបំផុតក៏ដោយ។
នេះមិនមែនជាលើកទីមួយទេដែល កញ្ញា បានឡើងមកកាន់ចំណាត់ថ្នាក់កំពូល។ កាលពីវគ្គទី៧ កញ្ញាបានឈ្នះវិញ្ញាសាប្រអប់អាថ៌កំបាំង ជាលើកដំបូងផងដែរ។ ជាមួយនឹងជ័យជម្នះនេះ កញ្ញាមិនត្រឹមតែទទួលបានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាប្រធានក្រុមក្នុងការប្រកួតប្រជែងបន្ទាប់ទៀតផង៕
