
ការប្រកួតតទល់គ្នាដែលមិនធ្លាប់មានក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ រវាង លាងហាក់ និង រតនៈ នឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១៥ ស្របពេលដែលអ្នកចម្អិនទាំងពីររូប នឹងក្លាយជាអ្នកដឹកនាំក្រុម ជាលើកដំបូង។
លាងហាក់ និង រតនៈ បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោ ដោយទទួលបានចានល្អដូចគ្នា ក្នុងការប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិត កាលពី ២សប្ដាហ៍កន្លងទៅ។ បន្ទាប់ពីការលេចធ្លោជាលើកដំបូងក្នុងវគ្គប្រអប់អាថ៌កំបាំង លាងហាក់ បានបន្តបង្ហាញសមត្ថភាពយ៉ាងគួរឱ្យកត់សម្គាល់ក្នុងវគ្គម្ហូបច្នៃប្រឌិត នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៤ សប្ដាហ៍ទី ១៣។ ដោយឡែក ក្នុងវិញ្ញាសាដូចគ្នា រតនៈ បានបង្ហាញសមត្ថភាពយ៉ាងឆ្លាតវៃក្នុងការបំប្លែងត្រីធូណាកំប៉ុង ជាមុខម្ហូប២ចាន ដែលទទួលបានការសរសើរពីគណៈកម្មការ។
បច្ចុប្បន្ននេះ ដោយនៅសល់បេក្ខជនចំនួន ១៤ នាក់ នៅក្នុងផ្ទះបាយ MasterChef Cambodia សម្ពាធកំពុងធ្លាក់ទៅលើ លាងហាក់ និងរតនៈ ក្នុងការបង្ហាញភាពជាអ្នកដឹកនាំរបស់ពួកគេដែលនឹងត្រូវប្រឈមមុខនឹងការបែងចែកតួនាទីរបស់សមាជិក ការប្រើប្រាស់សិទ្ធិជាប្រធានក្រុមក្នុងការអារកាត់ និងការសម្របសម្រួលសម្រាប់ការសហការគ្នានៅក្នុងក្រុម ដើម្បីនាំទៅរកភាពជោគជ័យ។
ទាំងអស់នេះ នឹងមាននៅក្នុងសប្ដាហ៍ទី១៥ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នាថ្ងៃអាទិត្យ ទី៥ ខែតុលា វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ៕
