×

អេស្ប៉ាញជួយសង្គ្រោះជនចំណាកស្រុក៥៥នាក់ដែលជាប់នៅសមុទ្រជាច្រើនថ្ងៃ

ម៉ាឌ្រីដ៖ កាលពីថ្ងៃអាទិត្យ ជនចំណាកស្រុកមួយក្រុមមានចំនួន៥៥នាក់ត្រូវបានគេជួយសង្គ្រោះបន្ទាប់ពីធ្វើដំណើរតាមទូកតូចមួយស្ថិតនៅចម្ងាយប្រហែល៦៥គីឡូម៉ែត្រពីភាគខាងត្បូងកោះ ហ្គ្រេនកាណារៀ (Gran Canaria) ក្នុងប្រទេសអេស្ប៉ាញ។

 

ជនចំណាកស្រុកទាំងនោះដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃនៅក្នុងមហាសមុទ្រអាត្លង់ទិចត្រូវបានឆ្មាំសមុទ្រអេស្ប៉ាញនាំយកទៅកំពង់ផែមួយកន្លែងនៅភាគនិរតីនៃកោះ ហ្គ្រេនកាណារៀ (Gran Canaria) ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នៅលើទូកតូចនោះរួមមានបុរសចំនួន៥៤នាក់និងស្ត្រីម្នាក់ ហើយត្រូវបានប្រទះឃើញដោយយន្តហោះរបស់ឆ្មាំសមុទ្រ។

បុគ្គលិកសេវាសង្គ្រោះបន្ទាន់របស់អេស្ប៉ាញបានអនុវត្តតាមវិធានការប្រឆាំងជំងឺកូវីដ១៩ដោយចែកម៉ាសនិងវាស់កម្តៅពួកគេមុនពេលអនុញ្ញាតឲ្យឡើងលើគោក។

ចំនួនជនចំណាកស្រុកខុសច្បាប់ដែលបានធ្វើដំណើរមកដល់ប្រជុំកោះកាណារី (Canary) បានកើនឡើង១៣៤%បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ដោយផលប៉ះពាល់នៃវិបត្តិកូវីដ១៩ទៅលើវិស័យទេសចរណ៍និងឧស្សាហកម្មផ្សេងទៀតនៅក្នុងតំបន់អាហ្វ្រិកខាងជើងនិងអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិកបានបង្ខំឲ្យជនចំណាកស្រុកជាច្រើនថែមទៀតបន្តការធ្វើដំណើរដ៏គ្រោះថ្នាក់នេះ។

ទិន្នន័យរបស់ក្រសួងមហាផ្ទៃអេស្ប៉ាញបានបង្ហាញថា ជនចំណាកស្រុកចំនួន៤,៤១១នាក់បានធ្វើដំណើរតាមផ្លូវសមុទ្រមកដល់ប្រជុំកោះ កាណារី (Canary) គិតត្រឹមថ្ងៃទី៣០ ខែមេសា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង