ភ្លើងសញ្ញាចរាចរណ៍ដំបូងបង្អស់របស់ពិភពលោក ត្រូវបានគេដាក់នៅជ្រុងម្ខាងនៃវិថី យូឃ្លីត (Euclid) និងផ្លូវលេខ ១០៥ នៅទីក្រុងឃ្លីវឡែន រដ្ឋអូហៃអូ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ១៩១៤។
ក្នុងការចាប់ផ្ដើមនៃការប្រើប្រាស់យានយន្ត ការធ្វើដំណើរតាមដងផ្លូវនៅសហរដ្ឋអាមេរិក គឺជាបទពិសោធដ៏អាក្រក់ ដោយសារមានទាំងអ្នកថ្មើរជើង អ្នកជិះរទេះសេះ និងអ្នកបើករថយន្ត នៅលើដងផ្លូវ ដែកបង្កនូវភាពរញ៉េរញ៉ៃ។ បញ្ហានេះ ត្រូវបានកាត់បន្ថយបន្តិចម្ដងៗ ក្រោយការបាត់បង់នូវមធ្យោបាយធ្វើដំណើររទេះសេះ ប៉ុន្តែសូម្បីតែមុនសង្គ្រាមលោកលើកទី១ វាបានបង្ហាញយ៉ាងច្បាស់ថា ច្បាប់ត្រូវការជាចាំបាច់ដើម្បីបន្តចរាចរ និងកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ។
មានការលើកឡើងផ្សេងៗ ទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ដំបូងបង្អស់នៅពិភពលោក។ ឧបករណ៍មួយ ត្រូវបានដំឡើងនៅទីក្រុងឡុងដ៍ ក្នុងឆ្នាំ១៨៦៨ ដែលផ្តល់សញ្ញា “ឈប់” និង សញ្ញា “ប្រយ័ត្នប្រយែង” ។ នៅឆ្នាំ១៩១២ នៅទីក្រុងសលឡេក រដ្ឋយូតា មន្រ្តីប៉ូលីសឈ្មោះ Lester Wire បានដំឡើងប្រអប់ធ្វើពីឈើ មានភ្លើងពណ៌ក្រហមនិងពណ៌បៃតងនៅលើបង្គោល ដែលមានភ្ជាប់ទៅកាន់ខ្សែភ្លើង។
ក្រោយមកលោក Garrett Morgan បានបង្កើតសញ្ញាចរាចរណ៍ដោយផ្អែកលើការរចនាជារាងអក្សរ T ដែលបានចុះបញ្ជីប៉ាតង់នៅឆ្នាំ១៩២៣ ហើយក្រោយមក ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន General Electric ។
យ៉ាងណាមិញ ប្រព័ន្ធសញ្ញាចរាចរណ៍ដែលបានដំឡើងនៅទីក្រុងឃ្លីវឡែន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩១៤ ត្រូវបានគេចាត់ទុកថាជាសញ្ញាចរាចរណ៍អគ្គីសនីដំបូងគេបង្អស់។ ដោយផ្អែកលើការរចនាដោយលោក James Hoge ដែលបានចុះប៉ាតង់ក្នុងឆ្នាំ១៩១៨។ វាមានភ្លើងពណ៌ក្រហម និងបៃតង នៅក្នុងទិសទាំង៤នៅលើបង្គោល ដោយវាត្រូវការឱ្យមនុស្ស ចាំចុចកុងតាក់ដើម្បីផ្លាស់ប្ដូរភ្លើងសញ្ញាចរាចរណ៍ផងដែរ។ យោងតាមអត្ថបទមួយដែលបោះពុម្ពផ្សាយនៅខែសីហាឆ្នាំ១៩១៤ បានឱ្យដឹងថា ភ្លើងសញ្ញាចរាចរណ៍នេះ អាចជាបដិវត្តន៍នៃការដោះស្រាយការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវក្នុងទីក្រុង ហើយគួរតែត្រូវបានពិចារណាដោយគណៈកម្មាធិការចរាចរណ៍ដើម្បីទទួលយកជាទូទៅ៕