×

មកដឹង​ពី​ប្រភេទ និងហានិភ័យ​នៃ​ការកែសម្ផស្ស​ដោយ​មិនវះកាត់

សម័យនេះការកែសម្ផស្សពេញនិយមទាំងស្រីទាំងប្រុស អ្នកខ្លះជ្រើសរើសយកការកែសម្ផស្សដោយមិនវះកាត់ និងខ្លះទៀតវះកាត់។ បើនិយាយពីការកែសម្ផស្សដោយមិនវះកាត់ដែលកំពុងពេញនិយមនៅស្រុកខ្មែរយើងបច្ចុប្បន្ន មានតែ ២ ទៅ ៣មុខប៉ុណ្ណោះ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ហេង យូសេង បម្រើការងារនៅផ្នែកជំងឺសើស្បែក នៃមន្ទីរពេទ្យព្រះកុសមៈ។

តើការកែសម្ផស្សដោយមិនវះកាត់មានអ្វីខ្លះ? ហើយប្រភេទនីមួយៗមានហានិភ័យបែបណា?

១- Botox

Botox ជាថ្នាំម្យ៉ាងប្រើសម្រាប់ចាក់បំបាត់ស្នាមជ្រួញនៅលើថ្ងាស កន្ទុយភ្នែក ចិញ្ចើមជាដើម។ ប្រសិទ្ធភាពរបស់ Botox អាចពី ៦-៩ ខែ ទៅតាមកន្លែងដែលត្រូវចាក់។
២- Filler

Filler ប្រើដើម្បីចាក់បំពេញទៅលើផ្ទៃមុខ ថ្ពាល់ ច្រមុះ ចង្កា ឬកន្លែងណាដែលផត អត់ខ្ទង់។ អាចធ្វើឱ្យចង្កាវែងស្រួច ចម្រុះស្រួចមានខ្ទង់ លើកថ្ពាល់មិនឱ្យធ្លាក់។

៣- ការប្រើខ្សែអំបោះតាមបែបកូរ៉េ

ជាការចាក់បញ្ចូលខ្សែអំបោះប្រភេទខ្សែរលាយទៅក្នុងស្បែកមុខ ដើម្បីលើកច្រមុះឲ្យស្រួច បន្តឹងស្បែកកុំឱ្យយារធ្លាក់។ ការប្រើខ្សែអំបោះតាមបែបកូរ៉េនេះមានប្រសិទ្ធភាព១-២ ឆ្នាំ។
តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហេង យូសេង ជាធម្មតាការកែសម្ផស្សតែងតែមានហានិភ័យ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ លោកថា Botox សុវត្ថិភាពជាង ការចាក់ Filler។ ផលវិបាកដែលកើតឡើងអាចមកពីគ្រូពេទ្យមួយចំនួនអត់ដឹងពីកន្លែងណាដែលត្រូវចាក់ ឬកន្លែងណាដែលមិនត្រូវចាក់។ “ឧទាហរណ៍ដូចជាការចាក់នៅលើថ្ងាស នៅពេលចាក់កន្លែងខ្លះទាបពេក ឬកៀកនឹងចិញ្ចើមពេក អាចធ្វើឱ្យចិញ្ចើមធ្លាក់ នេះករណីចាក់ Botox ” ។

ចំពោះការ Filler វិញ លោកវេជ្ជបណ្ឌិតលើកឡើងថា ប្រសិនជាយើងចាក់ទៅប៉ះសរសៃឈាម អាចធ្វើឱ្យមានបញ្ហាស្ទះសរសៃឈាមកន្លែងណាមួយ ធ្វើឱ្យមានបញ្ហានៅកន្លែងហ្នឹងដែរ។

ចំពោះករណីចាក់ខុសបច្ចេកទេសខ្លះ គ្រូពេទ្យអាចកែកុនបាន តែករណីខ្លះមិនអាចកែកុនបានទេ ដោយរង់ចាំដល់រយៈពេលថ្នាំចាក់នោះអស់ប្រសិទ្ធភាព។

ដើម្បីកាត់បន្ថយហានិភ័យនៃការកែសម្ផស្ស លោកវេជ្ជបណ្ឌិត ហេង យូសេង ថា គ្រូពេទ្យកែសម្ផស្សទាំងអស់ត្រូវមានចំណេះដឹងផ្នែកវេជ្ជសាស្ត្រ។ ចំពោះអ្នកដែលចង់កែសម្ផស្សវិញ ត្រូវចាំថា ឱ្យតែកន្លែងកែសម្ផស្ស មិនមែនកន្លែងណាក៏ធ្វើបាននោះ យើងគួរតែរកកន្លែងណាដែលមានគ្រូពេទ្យជំនាញខាងកែសម្ផស្សច្បាស់លាស់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង