ជប៉ុន៖ អ្នកស្រាវជ្រាវជប៉ុន បាននិយាយថា មេរោគបំប្លែងខ្លួនប្រភេទថ្មី ដែលក្លាយពូជពីវីរុស “Delta” ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសនេះ។
ក្រុមស្រាវជ្រាវដែលដឹកនាំដោយសាស្ត្រាចារ្យ Hiroaki Takeuchi នៅមន្ទីរពេទ្យ Medical and Dental University ទីក្រុងតូក្យូ បានប្រកាសពីការរកឃើញនេះនៅថ្ងៃចន្ទ ដោយនិយាយថា វីរុសបំប្លែងខ្លួនថ្មីនេះ រកឃើញនៅពេលអ្នកជំងឺផ្ទុកវីរុស Delta ម្នាក់ មកមន្ទីរពេទ្យកាលពីពាក់កណ្តាលខែសីហា។
ការវិភាគបានបង្ហាញពីធាតុបំប្លែង N501S ហើយមានតែករណីចំនួន ៨ ប៉ុណ្ណោះនៃវីរុសបំប្លែងខ្លួននេះ ដែលត្រូវបានរាយការណ៍នៅខាងក្រៅប្រទេសជប៉ុន។ ធាតុបំប្លែង N501S គឺស្រដៀងគ្នានឹងធាតុបំប្លែង N501Y នៃវីរុស Alpha ដែលរកឃើញដំបូងនៅអង់គ្លេស។
ឥទ្ធិពលចម្លងរបស់វីរុសនេះ មិនទាន់ត្រូវបានគេដឹងច្បាស់ទេ រហូតមកដល់ពេលនេះ ដោយក្រុមអ្នកស្រាវជ្រាវមានគម្រោងសិក្សាបន្ថែមទៀត៕
ប្រភព៖ Xinuha