ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ទាក់ទងទៅនឹងករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករា។
ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុ រួច ។
បើស្រាវជ្រាវហើយឃើញថាមានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង ផងដែរ។ ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ច ក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ៕