ធនាគារវីង និងក្រុមហ៊ុនទូរសព្ទចល័តសែលកាត គាំទ្រមន្ទីរពេទ្យកុមារអង្គរតាមរយៈការចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨។
ធនាគារវីង ក្រុមហ៊ុនទូរសព្ទចល័តសែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយ ភ្នាក់ងារវីង អតិថិជន និងដៃគូផ្សេងទៀត បានរួមគ្នាជួយផ្តល់និងរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងជួបវិបត្តិ ផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។
អ្នកឧកញ៉ា គិត ម៉េង ប្រធាន ក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសព័ន្ធរួមមាន ធនាគារ វីង និងក្រុមហ៊ុនទូរសព្ទចល័តសែលកាត បានសហការបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយអំពីបុណ្យផ្កាប្រាក់មហាសាមគ្គី និងរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យ។
នេះជាលើកទី២ហើយ ដែលធនាគារវីងបានចូលរួមប្រារព្ធពីធីនេះ។
លោកជំទាវ ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “ក្នុងនាមជាម្តាយមួយរូប នៅពេលដែលកូនៗមានបញ្ហាសុខភាព អ្នកម្តាយតែងតែកើតក្តីបារម្ភគ្រប់ពេលវេលា ជាពិសេសនៅពេលដែលកូនឈឺ និងពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត។”
អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគធនធានផ្ទាល់ខ្លួននូវទឹកប្រាក់ចំនួន ១០លានរៀល សម្រាប់រួមចំណែកក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី។
ធនាគារវីង ក៏បានរួមចំណែកនូវទឹកប្រាក់ចំនួន ២០លានរៀល ព្រមទាំងបានលើកទឹកចិត្ត បុគ្គលិកឱ្យចូលរួមបរិច្ចាគ និងបានផ្សព្វផ្សាយដល់សាធារណជន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីឱ្យមានការចូលរួមបរិច្ចាគថវិកាកាន់តែច្រើន។ វីង បានផ្តល់សេវាឥតគិតថ្លៃដល់សប្បុរសជនទាំងឡាយ ដែលបានបរិច្ចាគថិវិកាតាមរយៈសេវាកម្មរបស់ខ្លួន។
ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត បានរួមចំណែកទឹកប្រាក់ចំនួន ១០លានរៀល និងបានផ្សព្វផ្សាយតាមរយៈការផ្ញើសារផ្សព្វផ្សាយតាមទូរសព្ទដល់សាធារណជនទូទាំងប្រទេសផងដែរ។
មន្ទីរពេទ្យកុមារអង្គរ បានទទួលរងការប៉ះពាល់គួរឱ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុនៅអំឡុងពេលនៃជំងឺរាតត្បាតនេះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងធានាថាមន្ទីរពេទ្យ អាចបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារដែលងាយរងគ្រោះដោយសារប្រាក់ចំណូលគ្រួសារធ្លាក់ចុះ។
ពិធីនេះ ត្រូវបានរៀបចំឡើងជាពីរផ្នែក ដោយរួមមានការសម្តែងព្រះធម៌ ទេសនាជាធម្មទាន ដោយធម្មកថិកល្បីៗតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៨ ខែសីហា និងបញ្ចប់នៅថ្ងៃទី២៩ ខែសីហា។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រាសាន៍ថា៖ “ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតដើម្បីធ្វើឱ្យប្រតិបត្តិការរបស់យើងដំណើរការប្រកបដោយគុណភាពនិងក្តីមេត្តា។
លោកបានបន្តថា៖ “តាំងនាមឱ្យមន្ទីរពេទ្យកុមារអង្គរក៏ដូចអ្នកជំងឺទាំងអស់ យើងសូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន សហការីមកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងម្ចាស់ជំនួយដទៃផ្សេងទៀតចំពោះការរួមចំណែកដ៏មានតម្លៃនេះ។”
មន្ទីរពេទ្យកុមារអង្គរ ជាមណ្ឌលសុខភាពថែទាំកុមារឈានមុខគេមួយនៅកម្ពុជាដែលបានពិនិត្យ និងព្យាបាលកុមារជាច្រើន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩។ ជារៀងរាល់ថ្ងៃ មន្ទីពេទ្យនេះ បានផ្តល់ការព្យាបាលដល់កុមារប្រមាណ ៤០០ នាក់ និងបានចំណាយទឹកប្រាក់ ៦លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
ក្នុងឆ្នាំ២០២០កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ បានពិនិត្យ និងព្យាបាលកុមារបានចំនួន ៩៧.០៦៩ករណី អប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល និស្សិតគិលានុបដ្ឋាក និស្សិតវេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរ បានចំនួន ៧៣.៩០៨នាក់ និងអប់រំសុខភាពតាមបណ្ដាភូមិ សាលារៀន មណ្ឌលសុខភាព និងក្នុងសហគមន៍បានចំនួន ៥៦.៧៤៧នាក់ ។
ដោយសារវិបត្តិនៃជំងឺកូវីដ១៩នៅតែបន្តកើតមានឡើង មន្ទីរពេទ្យកុមារអង្គរ បានទទួលរងការប៉ះពាល់គួរឱ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុ ព្រោះព្រឹត្តិការណ៍ ឬសកម្មភាពរៃអង្គាសមួយចំនួនធំ មិនអាចប្រព្រឹត្តិទៅបាន ហើយជំនួយមូលនិធិពីក្រុមហ៊ុនអាជីវកម្ម ឬសប្បុរសជនដែលធ្លាប់ផ្តល់ជំនួយសប្បុរសធម៌មកកាន់មន្ទីរពេទ្យ ក៏មានការធ្លាក់ចុះ។
អតិថិជនវីងដែលមានបំណងចង់ចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរ ពួកគេអាចធ្វើការបរិច្ចាគធនធានរបស់ពួកគេតាមរយៈភ្នាក់ងារវីង ជិត១ម៉ឺនកន្លែង ឬតាមរយៈកម្មវិធីស្មាតហ្វូនវីងដោយឥតគិតថ្លៃ។ អតិថិជន ក៏អាចធ្វើការបរិច្ចាគតាមលេខគណនីជាប្រាក់រៀល “៩១២២” ឬប្រាក់ដុល្លារតាមគណនីលេខ “៨១២២”៕