×

កម្ពុជា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបី ជូនដល់ប្រជាពលរដ្ឋ នៅខែតុលាខាងមុខ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា នៅខែតុលាខាងមុខនេះ កម្ពុជា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនទៅដល់ប្រជាជន ដើម្បីរក្សាភាពស៊ុំា នៅក្នុងសហគមន៍ ហើយនឹងបើកដំណើរការសាលារៀន និងសេដ្ឋកិច្ចឡើងវិញ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយឥតសំណង់របស់ចិន ដែលមានការអញ្ជើញចូលរួម ពីសំណាក់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

សម្តេចតេជោ បានមានប្រសាសន៍ ប្រាប់ទៅកាន់លោក វ៉ាង យី ថា «ខ្ញុំត្រូវនិយាយជាមួយឯកឧត្តមបន្ថែមទៀត នាយប់នេះ ព្រោះខ្ញុំត្រូវការដូសទីបី, នៅខែ១០នេះ នឹងបើកយុទ្ធនាការចាក់ដូសទីបី ជូនដល់ប្រជាពលរដ្ឋ ដើម្បីរក្សាភាពស៊ុំា នៅក្នុងសហគមន៍ ហើយយើងជាត្រូវបើកសាលារៀន បើកសេដ្ឋកិច្ចឡើងវិញ»។

សម្តេចបន្តថា «យើងត្រូវរៀនរស់នៅជាមួយកូវីដ ឥឡូវនេះយើងកំពុងតែត្រូវបានបំផ្លាញ របៀបរស់នៅ ដោយសារកូវីដ ដែលមិនសល់ទុកពីដូនតា រាប់លានឆ្នាំមកហើយ ឥឡូវតម្រូវឲ្យយើងអង្គុយឆ្ងាយពីគ្នា យ៉ាងតិច១ម៉ែត្រកន្លះ ពាក់ម៉ាសមើលមុខគ្នា អត់ដាក់បានមនុស្សច្រើន ដាក់មនុស្សបានតិចជាងមុន, ដល់ពេលខាងមុខ យើងក៏ត្រូវរៀនលេងកីឡា ក្នុងដំណាក់កាលកូវីដ យើងត្រូវរស់នៅជាមួយកូវីដច្រើនឆ្នាំតទៅទៀត ដោយគ្រប់វិស័យទាំងអស់ មានចរិតដូចគ្នា»។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ដល់ភាគីចិន និងមិត្តភ័ក្តិប្រទេសទាំងអស់ ដែលកន្លងមក បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យដល់កម្ពុជា ធ្វើឱ្យអត្រាស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះ។

សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ មាន៩៧,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យ អាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន៨៦,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅប្រមាណ២លាននាក់៕

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង