គ្នាយើងភាគច្រើនប្រើប្រាស់មើមឈូកសម្រាប់ការបន្ថែមរសជាតិក្នុងអាហារ តែមិនសូវជាមានគ្នាយើងច្រើនទេដែលដឹងពីអត្ថប្រយោជន៍របស់វា។ មើមឈូកជាប្រភេទបន្លែដែលមានរសជាតិឆ្ងាញ់ និងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាជួយការពារយើងពីជំងឺផងដែរ។ សារធាតុចិញ្ចឹមរបស់មើមឈូកក៏ជួយពង្រឹងសុខភាពប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធសរសៃឈាមបេះដូងរបស់យើងបានទៀតផង។
១.ជួយដល់ស្បែក
មើមឈូក គឺជាប្រភពបន្លែមានវីតាមីនC និងសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្ដល់ផលប្រយោជន៍ដល់ស្បែក។ ស្បែករបស់យើងត្រូវការវីតាមីនC ដើម្បីសំយោគខូឡាជែន ការពារស្បែកប្រឆាំងនឹងការខូចខាតដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី និងការប៉ះជាមួយនឹងកាំរស្មី UV ។ ដូចនេះហើ់យ មើមឈូកអាចជួយបញ្ចៀសពីភាពចាស់ ហើយក៏ជួយកាត់បន្ថយការឡើងស្នាមអុជខ្មៅ និងការប្រែពណ៌នៃស្បែកផងដែរ។
២.ជួយពង្រឹងសុខភាពខួរក្បាល
មើមឈូក ថ្លើមគោ គ្រាប់ផ្កាឈូករ័ត្ននិងគ្រាប់ស្វាយចន្ទីត្រូវបានគេដឹងថាអាហារសម្បូរទៅដោយសារជាតិទង់ដែង ហើយមិនត្រឹមតែជួយពង្រឹងសុខភាពឆ្អឹងនិងជួយដល់ការរំលាយអាហារប៉ុណ្ណោះទេ វាក៏ជួយបង្កើនសុខភាពខួរក្បាលដោយធ្វើឱ្យមុខងារនៃប្រព័ន្ធប្រសាទដំណើរការបានល្អផងដែរ។ តាមការស្រាវជ្រាវបានបង្ហាញថាកង្វះសារជាតិទង់ដែងអាចទាក់ទងជាមួយនឹងការចាប់ផ្ដើមនៃជំងឺប្រព័ន្ធប្រសាទ ដូចជាជំងឺភ្លេចភ្លាំង។ ដើម្បីការពារនូវបញ្ហានេះគ្នាយើងគួរញាំមើមឈូក និងអាហារដទៃទៀតដែលសម្បូរទៅដោយសារជាតិទង់ដែង ព្រោះអាចជួយដល់សុខភាពប្រព័ន្ធប្រសាទ។
៣.ជួយបង្កើនថាមពល
ការញាំមើមឈូកអាចជួយបង្កើនកម្រិតជាតិដែកក្នុងខ្លួនរបស់យើង ទ្រទ្រង់នូវថាមពល និងនាំយកអុកស៊ីសែនទៅក្នុងកោសិកា។ ប្រសិនបើគ្នាយើងខ្វះជាតិដែក ច្រើនតែមានអារម្មណ៍អស់កម្លាំង ងងុយគេង និងមានបញ្ហាជាមួយនឹងការផ្ដោតអារម្មណ៍។ ការញាំអាហារសម្បូរជាតិដែក ក៏អាចជួយបង្កើនកម្រិតអុកស៊ីសែននៅក្នុងកោសិកា សាច់ដុំ ជួយជំរុញដល់ការរំលាយប្រូតេអ៊ីន និងស្រូបយកសារធាតុចិញ្ចឹមពីអាហារផងដែរ។
៤.ជួយការរំលាយអាហារ និងការគ្រប់គ្រងទម្ងន់
មើមឈូកផ្ដល់នូវសារធាតុសរសៃល្អក្នុងការជួយរំលាយអាហារ សម្រួលបញ្ហាទល់លាមកនិងបញ្ហាប្រព័ន្ធរំលាយអាហារ។ លើសពីនេះការញាំអាហារដែលមានជាតិសរសៃខ្ពស់អាចធ្វើឱ្យយើងមានអារម្មណ៍ថាឆ្អែតក្នុងរយៈពេលយូរដែលអាចជួយកាត់បន្ថយការញ់ាំអាហារក្រៅពេលច្រើននាំឱ្យឡើងទម្ងន់។
៥.ពង្រឹងសុខភាពសរសៃឈាមបេះដូង
មើមឈូក សម្បូរទៅដោយសារធាតុចិញ្ចឹម និងជាតិសរសៃ ជួយដល់សុខភាពសរសៃឈាមបេះដូង ហើយក៏ជាប្រភពដ៏ល្អនៃប៉ូតាស្យូមផងដែរ។ ប៉ូតាស្យូមទទួលខុសត្រូវចំពោះការធ្វើឱ្យចង្វាក់បេះដូងដំណើរការបានល្អ។ គ្នាយើងដែលមានកម្រិតប៉ូតាស្យូមទាបអាចមានហានិភ័យខ្ពស់នៃជំងឺបេះដូង ជាពិសេសទទួលរងពីជំងឺគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល។
៦.បង្កើនប្រព័ន្ធភាពស៊ាំ
មើមឈូក ជាប្រភពនៃវីតាមីនC និងមានតួនាទីប្រឆាំងអុកស៊ីតកម្មនិងជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ បើយោងតាមការស្រាវជ្រាវដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Nutrients វីតាមីន C បានរួមចំណែកក្នុងការការពារប្រព័ន្ធភាពស៊ាំដោយការគាំទ្រមុខងារកោសិកាផ្សេងៗ រួមបញ្ចូលទាំងការគាំទ្រមុខងាររបាំង epithelial ដែលប្រឆាំងនឹងការបង្ករោគ លើកកម្ពស់សកម្មភាពកម្ចាត់អុកស៊ីតកម្ម និងជំរុញការសម្លាប់មីក្រុប។ កង្វះវីតាមីន C អាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយនិងងាយឆ្លងមេរោគផងដែរ៕
ប្រភព៖ Hellokrupet