ជប៉ុន៖ នៅព្រឹកថ្ងៃអង្គារនេះ ព្រះនាង Mako និងគូដណ្តឹង បានក្លាយជាប្តីប្រពន្ធស្របច្បាប់ក្រោយអ្នកទាំងពីរ បានចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់ជាស្ថាពរ ដោយអតីតព្រះនាងរបស់ប្រទេសជប៉ុនរូបនេះ បាននិយាយថា៖ “Kei Komuro គឺជាមនុស្សសំខាន់បំផុតក្នុងជីវិតដែលនាងមិនអាចខ្វះបាន”។
រីឯ Komuro វិញក៏បាននិយាយដែរថា៖ “លោកពិតជាស្រលាញ់ Mako ណាស់ មនុស្សយើងមានជីវិតតែមួយប៉ុណ្ណោះ ដូចនេះលោកគ្រាន់តែចង់រស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ សាងសុភមង្គលរួមគ្នា និងបង្កើតគ្រួសារដែលពោរពេញដោយភាពកក់ក្តៅ។ Komuro បានសន្យានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បី Mako”។
យោងតាមច្បាប់ក្នុងរាជវង្សជប៉ុន ស្ត្រីដែលមានឋានៈក្នុងរាជវាំងណាមួយសម្រេចចិត្តរៀបការជាមួយជនសាមញ្ញ គឺស្មើនឹងពួកគេលះបង់ឈ្មោះ និងឋានៈក្នុងរាជវង្សមិនអាចប្រកែកបានឡើយ។ ដូចនេះសម្រាប់អតីតព្រះនាង Mako ពេលនេះបានក្លាយជារាស្ត្រសាមញ្ញមួយរូបដែលកំពុងមានគម្រោងធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី។
គួរបញ្ជាក់ដែរថា ក្រៅពីបោះបង់ចោលឋានៈជាព្រះនាងហើយ Mako ក៏បានលះបង់ប្រាក់១លានដុល្លារនៃចំណងដៃរបស់នាងផងដែរ ពោលគឺនាងព្រមចុះចេញតែខ្លួនប៉ុណ្ណោះ ដើម្បីបានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់៕