×

មន្ត្រីជាន់ខ្ពស់ថៃ៖ កម្ពុជា អាច​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ ចាក់ជូន​ពលករ​នៅថៃបាន តែមន្ត្រីសុខាភិបាលថៃ​ជាអ្នកចាក់

បាងកក៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ រីឯការចាក់ គឺត្រូវអនុវត្តដោយមន្ត្រីសុខាភិបាលថៃ។

ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថៃ លោក វិស្នុ គ្រឿងង៉ាម ក្នុងពេលជួបពិភាក្សាការងារជាមួយលោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍នៅទីក្រុងបាងកក ប្រទេសថៃ នាពេលថ្មីៗនេះ។

លោក សុខ សុក្រឹត្យា បានថ្លែងថា ក្នុងជំនួបនោះលោកក៏បានលើកពីបំណងរបស់សម្តេចតេជោ ហ៊ុន សែន រកកិច្ចសហប្រតិបត្តិការ ដើម្បីបានផ្តល់ជាវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសថៃផងដែរ។
ឆ្លើយតបសំណើស្តីពីកិច្ចសហប្រតិបត្តិការដើម្បីផ្តល់វ៉ាក់សាំងជូនពលរដ្ឋខ្មែរនេះ លោកឧបនាយករដ្ឋមន្ត្រីថៃក៏បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បានជជែក ហើយក៏បានសម្រេចដែរថា កម្ពុជា អាចផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋរស់នៅ និងធ្វើការក្នុងប្រទេសថៃបាន។ ប៉ុន្តែមិនអាចទៅចាក់ដោយខ្លួនឯងបានឡើយ ពោលគឺកម្ពុជា អាចផ្តល់វ៉ាក់សាំង ហើយមន្ត្រីសុខាភិបាលថៃជាអ្នកចាក់ជូន។ ដោយឡែកមន្ត្រីកម្ពុជា អាចចូលរួមសង្កេតការណ៍លើការងារចាក់នេះបាន។ លោកបានគូសបញ្ជាក់ថា ពេលនេះមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ កំពុងជជែកគ្នាលើការងារនេះ ដើម្បីរកយន្តការកិច្ចសហប្រតិបត្តិការឈានទៅការផ្តល់វ៉ាក់សាំងជូនពលរដ្ឋខ្មែរនៅថៃ។

បច្ចុប្បន្នមានពលរដ្ឋខ្មែរប្រមាណជា ១លាននាក់កំពុងធ្វើរស់នៅ និងធ្វើការក្នុងប្រទេសថៃ ហើយរដ្ឋាភិបាលថៃ បានចាក់ជូនពលរដ្ឋខ្មែរបានប្រមាណ ២សែនដូសហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង