ហុងកុង៖ ប៉ូលីសហុងកុង បានចាប់ខ្លួនបុរសម្នាក់ ដែលបានរុញស្ត្រីម្នាក់ឱ្យធ្លាក់ចូលផ្លូវរថភ្លើង នៅស្ថានីយរថភ្លើង Light Rail ដែលជាផ្លូវរថភ្លើងខាងក្រោម កាលពីពេលថ្មីៗនេះ។
វីដេអូឃ្លីប ដែលបានចែកចាយយ៉ាងទូលំទូលាយកាលពីរសៀលថ្ងៃអាទិត្យ បានបង្ហាញពីបុរសម្នាក់ បានរុញស្ត្រីដែលកំពុងដើរក្នុងទិសដៅផ្ទុយគ្នា។ ស្ត្រីអាយុ ៤៧ឆ្នាំ នេះ បានធ្លាក់មកលើផ្លូវដែក ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីមានរបួសត្រង់ស្មា និងស្នាមជាប់នៅលើដៃ។
ភ្លាមៗ នោះប៉ូលិស បានតាមចាប់ជនសង្ស័យដែលមានអាយុ ៣៣ឆ្នាំ មានពាក់អាវខ្មៅ។ ប្រភពពីប៉ូលិស បាននិយាយថា បុរសនោះជាមនុស្សដ៏គ្រោះថ្នាក់។ ចំណែកប្រតិបត្តិករផ្លូវដែក ក៏ត្រូវបានស្នើសុំឱ្យជួយសហការស្វែងរកជនសង្ស័យ តាមរយៈកាមេរ៉ាសុវត្ថិភាពនៅស្ថានីយរថភ្លើង និងខាងក្នុងរថភ្លើង។
ប្រភពបន្តថាបុរសនោះត្រូវបានគេសង្ស័យថា មានសតិមិនប្រក្រតី ហើយមិនស្គាល់ជនរងគ្រោះឡើយ។ ចំណែកហេតុផល នៅពី ក្រោយការវាយប្រហារនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ៕
(មានវីដេអូ)