សិង្ហបុរី៖ ពលរដ្ឋសិង្ហបុរី ចំនួន២នាក់ បានឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ។
ក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២១ ថា បុគ្គលិកបម្រើការនៅអាកាសយានដ្ឋានភេទស្ត្រីអាយុ ២៤ឆ្នាំម្នាក់ បានធ្វើតេស្តវិជ្ជមានបឋមនូវមេរោគអូមីក្រុង ដែលជាករណីឆ្លងក្នុងស្រុកដំបូងបង្អស់របស់សិង្ហបុរី។
ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយថា មនុស្សទីពីរ ត្រូវបានចាត់ទុកថាជាករណីនាំចូល បន្ទាប់ពីត្រឡប់មកពីប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៦ ខែធ្នូ។ អ្នកទាំងពីរបានទទួលវ៉ាក់សាំងដូសទី៣ រួចរាល់។
ក្រសួងដដែលបន្តថា អ្នកទាំងពីរ កំពុងសម្រាកព្យាបាលដោយនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង ហើយអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធទាំងអស់ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ថ្ងៃនៅឯមណ្ឌលចត្តាឡីស័កដែលត្រូវបានកំណត់ដោយក្រសួងសុខាភិបាល៕