×

ប្រទេសចិន បិទខ្ទប់​ទីក្រុង​ដែលមាន​មនុស្ស​១៣លាននាក់ បន្ទាប់ពី​រកឃើញ​ករណី​កូវីដ១៩​ចំនួន ១២៧នាក់

ចិន៖ មនុស្សរហូតដល់ ១៣លាននាក់ ត្រូវបានដាក់ឱ្យជាប់គាំង នៅក្នុងទីក្រុងស៊ីអាន (Xi’an) ក្នុងប្រទេសចិន ខណៈអាជ្ញាធរ ត្រូវបានពង្រាយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីការឆ្លងចំនួន ១២៧ករណី ត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តជុំទីពីរ នៃការធ្វើតេស្តទ្រង់ទ្រាយធំមួយ។

ការបិទខ្ទប់យ៉ាងឆាប់រហ័សនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូនេះកើតឡើង ក្នុងរយៈពេលជាងមួយខែ មុនទីក្រុងប៉េកាំង នឹងត្រូវធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា។ អ្នកស្រុកទាំងអស់ នៅក្នុងទីក្រុង Xi’an ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ លើកលែងតែការទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ឬសម្រាប់ពេលមានអាសន្ន ខណៈពេលដែលការធ្វើដំណើរទៅមក ពីទីក្រុង ត្រូវបានផ្អាកលើកលែងតែមានការយល់ព្រមពីអាជ្ញាធរ។ អាជីវកម្មមិនសំខាន់ទាំងអស់ ក៏ត្រូវបានបិទផងដែរ។

ការឆ្លងបានរីករាលដាលដល់សង្កាត់ចំនួន ១៤ ក្នុងទីក្រុង Xi’an គិតត្រឹមថ្ងៃពុធ។ ការឆ្លងក្នុងសហគមន៍នៅក្នុងរដ្ឋធានីនៃខេត្ត សានស៊ី (Shaanxi) បានកើនឡើង បន្ទាប់ពីករណីដំបូងត្រូវបានរកឃើញនៅសាកលវិទ្យាល័យក្នុងស្រុកមួយ។ បុគ្គលិកសុខាភិបាល បានចាប់ផ្តើមការធ្វើតេស្តជុំទី៣ នៅថ្ងៃព្រហស្បតិ៍នេះផងដែរ។

វិធានការបិទខ្ទប់ គឺមានភាពធ្ងន់ធ្ងរបំផុតចាប់តាំងពីប្រទេសចិន បានបិទខ្ទប់អ្នកស្រុកចំនួន ១១ លាននាក់នៅទីក្រុងអ៊ូហាន កាលពីដើមឆ្នាំ២០២០។

ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ចំនួន ៧១ នៅថ្ងៃព្រហស្បតិ៍ ក្នុងនោះ ៦៣ ករណីនៅក្នុងទីក្រុង Xi’an ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង