ជប៉ុន៖ សាស្ត្រាចារ្យជនជាតិជប៉ុនម្នាក់ បានបង្កើតអេក្រង់ទូរទស្សន៍ ដែលអាចលិឍដើម្បីដឹងរសជាតិអាហារ ដែលជាជំហានមួយទៀត ឆ្ពោះទៅរកការបង្កើតបទពិសោធនៃការទស្សនាបែបពហុញ្ញាណ។
ឧបករណ៍នេះ មានឈ្មោះថា Taste the TV (TTTV) ប្រើប្រាស់កំប៉ុងរសជាតិចំនួន១០ ដែលបាញ់បញ្ចូលគ្នា ដើម្បីបង្កើតរសជាតិនៃអាហារជាក់លាក់ណាមួយ។ រសជាតិ នឹងចេញមកលើកញ្ចក់ទូរទស្សន៍ដែលរាបស្មើ សម្រាប់អ្នកមើលដើម្បីសាកល្បងភ្លក់រសជាតិអាហារក្នុងអេក្រង់។
សាស្ត្រាចារ្យ Homei Miyashita នៃសាកលវិទ្យាល័យ Meiji បាននិយាយថា នៅក្នុងយុគសម័យនៃកូវីដ១៩ បច្ចេកវិទ្យាប្រភេទនេះ អាចលើកកម្ពស់ការទំនាក់ទំនងមនុស្សនិងមនុស្ស និងទំនាក់ទំនងជាមួយពិភពខាងក្រៅ។
លោក Miyashita ធ្វើការជាមួយក្រុមនិស្សិតប្រហែល ៣០ នាក់ ដើម្បីផលិតឧបករណ៍ផ្សេងៗទាក់ទងនឹងរសជាតិ រួមទាំង សមសម្រាប់ទទួលទានអាហារ ដែលធ្វើឱ្យអាហារកាន់តែមានរសជាតិ។ គាត់បាននិយាយថា គាត់បានធ្វើគំរូទូរទស្សន៍ដែលអាចលិឍបាន ដោយខ្លួនឯងកាលពីឆ្នាំមុន ហើយនឹងត្រូវចំណាយប្រហែល ១សែនយ៉េន (ប្រហែលជិត៩០០ដុល្លារអាមេរិក) ដើម្បីបង្កើតវាឡើងមួយគ្រឿង។ លោកបាននិយាយថា កម្មវិធីធ្វើម្ហូប និងហ្គេមភ្លក់រសជាតិ អាចបង្ហាញតាមរយៈទូរទស្សន៍ប្រភេទនេះបាន៕
(ទស្សនាវីដេអូ)