ថៃ៖ ប៉ូលិសខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ ថា គ្រាប់បែកចំនួន ៦ គ្រាប់ ត្រូវបានបំផ្ទុះ នៅក្នុងខេត្តព្រំដែនភាគខាងត្បូង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃឆ្លងឆ្នាំសាកល។
គ្រាប់បែកបានផ្ទុះនៅទីតាំង ក្នុងស្រុកចំនួនពីរ ខេត្តយ៉ាឡា បណ្ដាលឱ្យខូចខាតបង្គោលភ្លើង និងអង់តែនចែកចាយសេវាទូរសព្ទមួយចំនួន។
ប៉ូលិស បានឱ្យដឹងថា ការផ្ទុះទាំងនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ តែបណ្ដាលឱ្យដាច់ចរន្តអគ្គិសនី។ គ្រាប់បែក ត្រូវបានកែច្នៃ ដោយប្រើប្រាស់ធុងពន្លត់អគ្គិភ័យ និងនាឡិកាកំណត់ម៉ោង។ យ៉ាងណា ប៉ូលិសមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការផ្ទុះទាំង៦ឡើយ។
ប៉ូលិសបន្តថា ក្រុមបះបោរ BRN បានប្រកាសនៅក្នុងគេហទំព័ររបស់ពួកគេ ថា ខ្លួននៅពីក្រោយការបំផ្ទុះនេះ៕