ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងចេញបទបញ្ជាមិនឱ្យព្យាបាលកូវីដ១៩ ប្រភេទ អូមីក្រុង នៅផ្ទះបានទេ ព្រោះប្រសិនបើឱ្យព្យាបាលនៅផ្ទះ អាចមានហានិភ័យឆ្លងដល់ក្រុមគ្រួសារ។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ នៅវិមានសន្តិភាព ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “កូវីដ១៩ ប្រភេទអូមីក្រុង គឺសុទ្ធតែប្រភេទអូមីក្រុង។”
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ “ប្រភេទអូមីក្រុងនេះ មិនអនុញ្ញាតឱ្យព្យាបាលនៅផ្ទះ ដូចដែលតា អាល់ហ្វានោះទេ។”
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “បើទោះបីជាអ្នកមានវិជ្ជមានប្រភេទ អូមីក្រុង នោះ មានផ្ទះធំប៉ុណ្ណាក៏ដោយ អ្នកមាន អ្នកធំប៉ុណ្ណាក៏ដោយ គឺត្រូវតែទៅសម្រាកនៅពេទ្យ។”
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ “យើងធ្វើបែបនេះក៏ព្រោះតែយើងមិនចង់ឱ្យមានការឆ្លងចូលដល់សហគមន៍ ដែលនាំឱ្យបិទសហគមន៍សាជាថ្មី។”
សូមជម្រាបថា បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន គឺរហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញ ៩៤ករណី ចំពោះប្រភេទមេរោគអូមីក្រុង តែក៏បានព្យាបាលជាសះស្បើយមួយចំនួនទៅហើយ៕
អត្ថបទ៖លោក ហ៊ន សុភ័ក្រ