ក្រចេះ៖ សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប ជាទីកម្សាន្ដដ៏មនោរម្យ និងទីបណ្ដុំមរតកធម្មជាតិដ៏សម្បូរបែប មានចម្ងាយ ៩៥ គីឡូម៉ែត្រ ពីរង្វង់មូលក្រុងក្រចេះ ដែលមានទីតាំងក្នុងភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
លាតសន្ធឹងតាមដងទន្លេមេគង្គ សហគមន៍នេះ មានផលិតផលសក្ដានុពលធម្មជាតិទាក់ទាញទេសចរដូចជា កោះតូចធំ ឆ្នេរខ្សាច់សក្បុស ព្រៃឈើតូចធំ ទន្លេ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទ។ ចំណែកឯធនធានវប្បធម៌ប្រវត្តិសាស្រ្តវិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ អាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីជនជានដើមភាគតិចជាដើម។
ភ្ញៀវទេសចរ អាចជិះទូកមើលសត្វស្លាប និងទស្សនីយភាពក្នុងតំបន់ បោះតង់ លេងកីឡា នេសាទត្រី ដើរថ្មើរជើង មើលទេសភាពថ្ងៃលិច ពិសារអាហារ និងភេសជ្ជៈជុំគ្នា និងអង្គុយជជែកគ្នាជុំវិញភ្នក់ភ្លើងនាពេលរាត្រីផងដែរ៕