ភ្នំពេញ៖ កម្ពុជា បានផ្អាកការនាំចូលសត្វជ្រូករស់ពីប្រទេសថៃ និងវៀតណាម បន្ទាប់ពីការចិញ្ចឹមក្នុងស្រុក បានកើនលើសតម្រូវការកាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅ ស្របពេលប្រទេសជិតខាងកំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កម្ពុជា បានផ្អាកការនាំចូលសត្វជ្រូករស់ពីប្រទេសថៃ និងវៀតណាម រយៈពេលពីរខែមកហើយ បន្ទាប់ពីការផ្គត់ផ្គង់បានគ្រប់គ្រាន់ទៅតាមតម្រូវការក្នុងស្រុក និងម៉្យាងទៀតតម្លៃ ជ្រូកនៅប្រទេសថៃ និងវៀតណាម មួយរយៈចុងក្រោយនេះថ្លៃជាងនៅប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វ បានធ្វើការយ៉ាងជិតស្និទជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងក្រុមហ៊ុនចិញ្ចឹមសត្វ និងនាំចូល ដើម្បីផ្អាកការនាំចូលជ្រូកពីប្រទេសជិតខាង ខណៈការចិញ្ចឹមនៅក្នុងស្រុករបស់យើងសព្វថ្ងៃនេះ អាចផ្គត់ផ្គង់គ្រប់គ្រាន់ពី ៨ពាន់ទៅ ៩ពាន់ក្បាលក្នុងមួយថ្ងៃ។
លោកបានបន្តថា អគ្គនាយកដ្ឋានបានណែនាំដល់មន្ត្រីពេទ្យសត្វនៅតាមព្រំដែនឱ្យបង្កើនការត្រួតពិនិត្យឱ្យបានតឹតរ៉ឹងចៀសវាងការលួចនាំចូលជ្រូកចូលដោយខុសច្បាប់ពីប្រទេសក្បែរខាង និងអំពាវនាវដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើជីវសុវត្ថិភាព និងអនាម័យ ក្នុងការចិញ្ចឹមរបស់ខ្លួនជាប្រចាំ ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់សត្វចិញ្ចឹមរបស់ខ្លួន និងចម្លងទៅកន្លែងផ្សេងទៀត។
យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ស្តិ៍ បានឱ្យដឹងថា អាជ្ញាធរថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីការរកឃើញករណីឆ្លងនៃ ជំងឺប៉េស្តជ្រូកអាហ្វ្រិក តាមរយៈការពិនិត្យលើសំណាកដែលត្រូវបានប្រមូលពីទីសត្តឃាតមួយកន្លែង នៅក្នុងខេត្ត Nakhon Pathom។
អាជ្ញាធរនៅក្នុងប្រទេសថៃ បានបើកការស៊ើបអង្កេតមួយកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីការមានសង្ស័យជាច្រើនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ថាជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរាលដាលនៅក្នុងប្រទេសរួចទៅហើយ ខណៈព័ត៌មានពាក់ព័ន្ធនឹងជំងឺនេះត្រូវបានបិទបាំង។
គួរបញ្ជាក់ថា ការទទួលស្គាល់ករណីឆ្លងជំងឺបេស្តជ្រូកអាហ្វ្រិកកើតមានឡើង បន្ទាប់ពីអាជ្ញាធរថៃ បានបដិសេធជាច្រើនឆ្នាំមកហើយថា មិនមានករណីឆ្លង ជំងឺនេះនៅលើសត្វជ្រូកនៅក្នុងស្រុកនោះទេ ហើយនេះក៏ជាលើកដំបូងបំផុតដែលអាជ្ញាធរថៃ ទទួលស្គាល់ជាផ្លូវការពីវត្តមានជំងឺនេះផងដែរ។ ហើយការប្រកាសរបស់អាជ្ញាធរថៃនាពេលនេះ ទំនងជាយុទ្ធសាស្ត្រមួយទប់ស្កាត់ការនាំសត្វជ្រូកចេញទៅក្រៅប្រទេស ខណៈនៅក្នុងប្រទេសថៃបច្ចុប្បន្នកំពុងប្រឈមការខ្វះសាច់ជ្រូកផ្គត់ផ្គង់នៅលើទីផ្សារ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានសារទរនឹងចំណាត់ការរបស់ក្រសួងកសិកម្ម ដែលសម្រេចផ្អាកការនាំចូលសត្វជ្រូករស់ពីប្រទេសជិតខាងបានទាន់ពេលវេលា ដើម្បីការពារដល់អ្នកចិញ្ចឹមក្នុងស្រុក។
ទោះជាយ៉ាងនេះក្តីលោកលើកឡើងថា ថ្វីត្បិតការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងទីផ្សារនាពេលនេះ បានគ្រប់គ្រាន់ក៏ពិតមែន ដោយសារបរិមាណជ្រូកចិញ្ចឹមនៅសល់ក្នុងស្តុកច្រើនកាលពីអំឡុងពេលបុណ្យភ្ជុំកន្លងទៅនេះ ប៉ុន្តែបញ្ហាប្រឈមនៃជំងឺឆ្លងលើសត្វជ្រូកនាពេលនេះកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកចិញ្ចឹមក្នុងស្រុកផងដែរ ជាពិសេសកសិករចិញ្ចឹមមួយចំនួនអាចឈានទៅរកការក្ស័យធនជាមិនខាន ប្រសិនបើគ្មានវិធានការទប់ស្កាត់បានទាន់ពេលវេលានោះទេ។
ប្រធានសមាគមរូបនេះ បានអំពានាវដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញជួយបង្កើនការលើកទឹកចិត្តដល់អ្នកចិញ្ចឹមក្នុងស្រុកបន្ថែមទៀត និងចុះជួយណែនាំពីរបៀបធ្វើជីវសុវត្ថិភាពដល់កសិករអ្នកចិញ្ចឹម ព្រមទាំងជួយបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងចិញ្ចឹមរបស់ពួកគាត់ផងដែរ។
ជាមួយគ្នានេះ លោក ស៊្រុន ពៅ បានបង្ហាញក្តីបារម្ភថា ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារកម្ពុជា អាចនឹងប្រឈមការខ្វះខាតនាពេលខាងមុខដ៏ខ្លីនេះ ដែលដូចទៅនឹងប្រទេសថៃ និងវៀតណាម នាពេលនេះដែរ បន្ទាប់ពីជ្រូកដែលនៅសល់ក្នុងស្តុកកាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចេញលក់អស់។
បញ្ហាកង្វល់ធំមួយទៀត ដែលលោក ស្រ៊ុន ពៅ ព្រួយបារម្ភទៀតនោះ គឺកសិករចិញ្ចឹមជ្រូកនាពេលនេះ កំពុងប្រឈមកង្វះកូនជ្រូកពូជសម្រាប់ចិញ្ចឹម ហើយបើបញ្ហានេះនៅតែបន្តអូសបន្លាយពេលយូរ វានឹងបង្កផលប៉ះពាល់ខ្លាំងដល់ផលិតកម្មចិញ្ចឹមជ្រូកនៅកម្ពុជា ក្នុងឆ្នាំនេះ៕