កំពត៖ មន្រ្តីជំនាញ ក.ប.ប. ខេត្តកំពតបានបន្តរកឃើញ និងរឹបអូសបង្គាមានចាក់បញ្ចូលសារធាតុ CMC (ចាហួយ) ប្រមាណ ១តោនជាងតាមមាត់ច្រកព្រំដែនចូលមកខេត្តកំពត ដែលបាននាំចូលពីប្រទេសវៀតណាម កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
មន្រ្តី ក.ប.ប. ប្រចាំខេត្តកំពត បានបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រដែលចូលមកតាមច្រកព្រំដែន មកកាន់ខេត្តកំពត។
គោលបំណង គឺដើម្បីទប់ស្កាត់ទំនិញដែលមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន និងវៀតណាមខាងមុខ។
មន្រ្តីជំនាញបានស្ទាក់ និងឃាត់រថយន្តកូរ៉េមួយគ្រឿងដោយរកឃើញ បង្គាចំនួន ១តោន និង ៤៨៤គីឡូក្រាម ដែលមានសារធាតុ CMC (ចាហ៊ួយ) គីមីហាមឃាត់។ មន្រ្តីជំនាញ បានធ្វើការដកហូតមកកម្ទេចចោលភ្លាមៗ និងម្ចាស់ទំនិញត្រូវរងពិន័យពីមន្រ្តីជំនាញផងដែរ។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបនេះ បានកើតឡើង បន្ទាប់ពីមន្ត្រីជំនាញ បានឃាត់បង្គាចាក់សារធាតុចាហួយ ជាង ៦តោន កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២៕