
តៃវ៉ាន់៖ Wang Xiaofei ដែលជាអតីតស្វាមីតារាសម្តែងស្រី Barbie Hsu តែងមានពាក្យចចាមអារ៉ាមថា ការលែងលះរបស់អ្នកទាំង២កើតឡើងដោយសារលោកមានជនទី៣ដែលជាតារាសម្តែងស្រីវ័យ ២៦ឆ្នាំ Zhang Yingying ប៉ុន្តែអ្នកជំនួញរូបនេះ បានចេញបដិសេធថាមិនពិត និងប្រមានប្តឹងសម្រាប់អ្នកដែលចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ។

ចាប់តាំងពីលែងលះគ្នាមក កាលពីពេលថ្មីៗនេះ Xiaofei បានបង្ហាញខ្លួនក្នុងកម្មវិធីមួយដើម្បីជជែកពីការវិវឌ្ឍនៃមុខជំនួញ ប៉ុន្តែស្ថានការណ៍បានប្រែប្រួលក្រោយពិធីការិនី បានជីកសួរពីរឿងផ្ទាល់ខ្លួនជាសំនួរត្រង់ៗថា៖ “តើលោកមានការបារម្ភទេថា ថ្ងៃណាមួយកូនៗរបស់លោកនឹងសួរសំនួរទាក់ទិននឹងការលែងលះដូចជា ហេតុអ្វីប៉ា និងម៉ាក់មិននៅជុំគ្នា?”

ពេលនេះ Xiaofei បានព្យាយាមញញឹម និងឆ្លើយទៅកាន់ពិធីការិនីរូបនោះវិញថា៖ “ពួកគេម៉េចនឹងអាចសួរបែបនេះទៅ ពួកគេនៅក្មេងណាស់”។ ភ្លាមៗពិធីការនី Ma Teng ក៏បានសួរបន្តថា ចុះបើពេលអនាគតពួកគេសួរបែបនេះតើលោកនឹងឆ្លើយបែបនេះ?

Xiaofei បានត្រឹមស្ងៀមមួយស្របក់ និងឆ្លើយតបទៅវិញថា៖ “ខ្ញុំមិនដឹងថាគួរតែឆ្លើយនឹងសំនួរអ្នកបែបណាឡើយ”។ សំនួរ និងចម្លើយទាំងប៉ុន្មានរវាងពិធីការនី និងអ្នកជំនួញរូបនេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតនិយាយថា៖ “ល្អហើយដែលកូនៗទាំង២នៅក្មេង មិនដូច្នោះទេពួកគេប្រាកដជាខ្មាស់គេដែលឃើញព័ត៌មានចុះផ្សាយពីឪពុករបស់ពួកគេបណ្តើរស្រីផ្សេងចូលផ្ទះ”។

គួរបញ្ជាក់ថា ក្នុងខែមិនា នេះតារាសម្តែង Barbie Hsu និង Xiaofei ត្រូវឆ្លងគម្រប់ខួបអាពាហ៍ពិពាហ៍១១ឆ្នាំជាមួយគ្នា ប៉ុន្តែបែរជាមានបញ្ហារហូតដល់លែងលះគ្នាបន្សល់ត្រឹមអនុស្សាវរីយ៍ និងកូនប្រុសស្រីតូចៗចំនួន២នាក់ ដែលម្នាក់មានអាយុ៧ឆ្នាំ និងម្នាក់ទៀតអាយុ៥ឆ្នាំ៕