ថៃ៖ ប្រធានការិយាល័យបសុសត្វខេត្ត Prachuap Khiri Khan ប្រទេសថៃ លោក Yutthira Banthukul បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក ត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ៣ក្នុងខេត្តនេះ ដែលនាំឱ្យមានការសម្លាប់និងកម្ទេចជ្រូកចំនួន ១១៧ ក្បាល។
កសិដ្ឋានទាំងនេះ មាន ប្រតិបត្តិការតិចតួច ហើយជ្រូកចំនួន ១១៧ក្បាល ត្រូវបានគេសម្លាប់ ដើម្បីការពារកុំឱ្យជំងឺនេះ រាលដាលដល់កសិដ្ឋានផ្សេងទៀត។ លោក Yutthira បានបន្តថា ម្ចាស់ជ្រូក បានទទួលសំណងដល់ទៅ ៧៥ភាគរយនៃតម្លៃទីផ្សារ។
លោកបានបន្ថែមថា ស្រុក Muang និងស្រុក Angthong នៃខេត្តនេះ ត្រូវបានប្រកាសថាជាតំបន់រងគ្រោះដោយជំងឺប៉េស្តជ្រូកអាហ្វ្រិក ហើយការដឹកជញ្ជូនជ្រូកចេញពីតំបន់ទាំងនេះ ត្រូវបានហាមឃាត់ក្នុងរង្វង់ប្រាំគីឡូម៉ែត្រ នៃកសិដ្ឋានដែលរងផលប៉ះពាល់។
ប្រសិនបើកសិដ្ឋានដែលមានជ្រូកតិចជាង ៥០ ក្បាល រកឃើញមានករណីប៉េស្តជ្រូកអាហ្វ្រិក នោះជ្រូកទាំងអស់ក្នុងកសិដ្ឋាន នឹងត្រូវបានសម្លាប់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការឆ្លងត្រូវបានរកឃើញនៅក្នុងកសិដ្ឋានដែលមានជ្រូកច្រើនជាង ៥០ក្បាលនោះ មានតែជ្រូកនៅក្នុងទ្រុងជាមួយគ្នាប៉ុណ្ណោះ នឹងត្រូវបានសម្លាប់។
លោកបាននិយាយថា មានអ្នកចិញ្ចឹមជ្រូកប្រហែល ១.០០០នាក់ ក្នុងខេត្ត Prachuap Khiri Khan ដោយមានជ្រូកប្រហែល ៨ម៉ឺនក្បាល៕