អាមេរិក៖ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានស្វែងរកមនុស្សចំនួន ៣៩នាក់ដែលបានបាត់ខ្លួន នៅពេលទូកមួយ បានលិចនៅឆ្នេរសមុទ្រនៃរដ្ឋផ្លរីដា ដែលត្រូវបានសង្ស័យថាជាទូករត់ពន្ធមនុស្ស។
ឆ្មាំឆ្នេរសមុទ្រក្នុងទីក្រុងម៉ៃអាមី បាននិយាយថា ខ្លួនបានទទួលរបាយការណ៍មួយពីបុរសម្នាក់ ដែលបានជួយសង្គ្រោះបុរសម្នាក់ទៀតដែលទើនៅលើទូក ដែលលិចនៅចម្ងាយប្រហែល ៧២គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Fort Pierce នៃរដ្ឋផ្លរីដា។
អ្នកនៅរស់រានមានជីវិតបាននិយាយថា ទូកបានចាកចេញពីស្រុក Bimini ក្នុងប្រទេសបាហាម៉ាស កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែបានជួបប្រទះនឹងអាកាសធាតុអាក្រក់ និងបានក្រឡាប់។ សេចក្តីថ្លែងការណ៍ មួយ បានឱ្យដឹងថា មិនមានអ្នកណាពាក់អាវពោងនោះទេ ហើយឆ្មាំសមុទ្រការពារដែនអាកាស និងដែនទឹក កំពុងស្វែងរកមនុស្សនៅក្នុងទឹកយ៉ាងសកម្ម។ រូបភាពដែលបានចេញផ្សាយដោយឆ្មាំឆ្នេរសមុទ្រ បង្ហាញពីទូកដែលក្រឡាប់ ជាមួយនឹងបុរសម្នាក់អង្គុយនៅលើទូក។
អ្នករត់ពន្ធ បានរត់ពន្ធមនុស្សពីប្រទេសបាហាម៉ាស ដែលជាក្រុមកោះដែលស្ថិតនៅក្បែរឆ្នេរសមុទ្រ រដ្ឋផ្លរីដា មកពីប្រទេសផ្សេងទៀតដូចជា ហៃទី ជាដើម ចូលទៅក្នុងសហរដ្ឋអាមេរិក។
ស្រុក Bimini ជាស្រុកនៅចុងខាងលិចប្រទេសបាហាម៉ាស និងជាចំណុចជិតបំផុតទៅកាន់សហរដ្ឋអាមេរិក គឺប្រហែល ២១៧គីឡូម៉ែត្រ ពីទីក្រុង Fort Pierce ៕