ភ្នំពេញ៖ ទាក់ទងនឹងអបិយជំនឿរបស់ជនជាតិចិន ក៏ដូចជាជនជាតិខ្មែរផងដែរ ដែលជាប់សែស្រឡាយចិន តែងមានជំនឿទៅលើហុងស៊ុយ ក៏ដូចជាក្បួនខ្នាតផ្សេងៗទៀត ហើយឆ្នាំកំណើតរបស់ពួកគេ ក៏ត្រូវយកចិត្តទុកដាក់ណាស់ដែរនៅពេលចូលឆ្នាំថ្មីម្តងៗ។
បញ្ហានេះប្រជាជនខ្មែរ ដែលជាប់សែស្រឡាយចិន បាននិងកំពុងត្រៀមខ្លួនជាបណ្ដើរៗ សម្រាប់ពិធីចូលឆ្នាំប្រពៃណីជនជាតិចិន ដែលនឹងឈានចូលមកដល់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ ដោយឡែកឆ្នាំថ្មីនេះ(២០២២) ជាឆ្នាំខាល ដែលជាឆ្នាំធាតុភ្លើង និងកាចបន្តិច។ ការនេះអ្នកជំនាញ បានឱ្យដឹងថា ក្នុងឆ្នាំខាលនេះ គប្បីត្រូវប្រុងប្រយ័ត្នឱ្យបានច្រើន ពិសេសអ្នកកើតឆ្នាំទាំង៥ គឺ មមី ចរ កុរ ម្សាញ់ និងខាល ដែលឆុងខ្លាំងក្នុងឆ្នាំខាលនេះ។ បើមិនប្រយ័ត្នទេនឹងអាចជួបគ្រោះកាច ខាតលាភទ្រព្យ ឬអាចនឹងកើតមានរឿងក្ដៅក្រហាយច្រើនផងដែរ។
ចំពោះតំណមអ្នកឆ្នាំទាំង៥ ដែលឆុងមាន ឆ្នាំម្សាញ់ កុរ ចរ មមី និង ខាល គឺ ទី១. មិនត្រូវចូលរួមក្នុងកម្មវិធីបុណ្យសពក្នុងពេលវេលាដែលបើកមុខសព (ត្រូវហាមដាច់ខាត) ទី២. សម្រាប់មួយឆ្នាំពេញក្នុងឆ្នាំ២០២២គឺ មិនត្រូវប្រើប្រាស់វត្ថុពណ៌ក្រហម ឬពណ៌លឿង ចំអង្សាទិស២២៥-២៥៥ឡើយ ទី៣. ការសេពគប់ ឬទំនាក់ទំនងមនុស្សដែលមានឆ្នាំឆុងដូចគ្នា ត្រូវប្រយ័ត្នប្រយែង ដែលអាចនឹកើតមានគ្រោះថ្នាក់ ឬហេតុការណ៍មិនល្អ គ្រោះធំ ស៊យធំ នឹងកើតឡើងដោយនឹកស្មានមិនដល់៕
អត្ថបទ៖ គន្ធ តារាវិឆ័យ