×

អ្នកបើក​រថយន្តក្រុង​សាធារណៈ ដែលប្រើ​ពាក្យសម្ដី​កាយវិការ​មិនសមរម្យ ត្រូវបាន​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន ចាត់វិធានការ​ហើយ

ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានករណីបណ្តាញសង្គមហ្វេសប៊ុក បានចែកផ្សព្វផ្សាយពីរូបភាពបុគ្គលិកឈ្មោះ ម៉ៅ សុផល ភេទប្រុស អ្នកបើកបររថយន្តក្រុង ស្លាកលេខរដ្ឋ៣៧ ៣-០២១៨ ដែលបានឈ្លោះប្រកែកគ្នារវាងអ្នកបើកបរម៉ូតូតាមផ្លូវសាធារណៈ ត្រង់ ចំណុចផ្ដុំស្ថានីយ៍ប្រេង Total ផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបន្តថា ដើមហេតុ បណ្តាលមកពីអ្នកបើកបររថយន្តក្រុង បានស៊ីផ្លេទៅលើអ្នកបើកបរម៉ូតូដែលកំពុងបើកបរ នៅទ្រូងផ្លូវដែលជាគន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ បានធ្វើឱ្យភាគីខាងម៉ូតូមានការខឹងសម្បារក៏ ជិះតាម និងប្រើពាក្យសម្តីប្រមាថ មើលងាយមួយចំនួនលើអ្នកបើកបររថយន្តក្រុង ពេលនោះអ្នកបើកបរ រថយន្តក្រុង ក៏ទប់អារម្មណ៍ខឹងពុំបានក៏បានឈ្លោះប្រកែកគ្នារកឈ្នះចាញ់រៀងៗខ្លួន ដោយប្រើកាយវិការ និងពាក្យសម្តីមិនសមរម្យ។

ទាក់ទងនឹងបញ្ហានេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានធ្វើការអប់រំណែនាំ ដោយមានកិច្ចសន្យាមិនឱ្យគាត់ប្រព្រឹត្តទង្វើបែបនេះទៀត ចំពោះទង្វើ និងកាយវិការគ្មានសុជីវធម៌របស់អ្នកបើកបរដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស អង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ សុជីវធម៌សម្រាប់អ្នកបើកបររថយន្តក្រុងរបស់រដ្ឋាករដទៃទៀត។

ទន្ទឹមនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ក៏សូម អំពាវនាវដល់បងប្អូបប្រជាពលរដ្ឋអ្នកបើកបរម៉ូតូទាំងអស់មេត្តាចូលរួមចំណែកក្នុងការទុកគន្លងផ្លូវ រថយន្តសម្រាប់រថយន្តធ្វើចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង