សង្គម៖ ស្ត្រីម្នាក់ បានសរសេររៀបរាប់ពាក្យក្នុងចិត្តយ៉ាងវែងអន្លាយពាក់ព័ន្ធនឹងសម្ពាធផ្លូវចិត្តដែលត្រូវបានឪពុកម្តាយធ្វើទារុណកម្មទាំងផ្លូវចិត្ត និងផ្លូវកាយ ខណៈនាងកំពុងពពោះកូនក្នុងផ្ទៃជិត៥ខែ ហើយក៏ឪពុកម្តាយនាងបង្ខំឱ្យយកចេញដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាងបានរៀបរាប់ថា នាងបានពពោះកូនក្នុងផ្ទៃជិត៥ខែជាមួយសង្សារ តែឪពុកម្តាយនាង បង្ខំឱ្យយកចេញ និងមិនព្រមទទួលសង្សាររបស់នាងមកធ្វើជាកូនប្រសាឡើយ បើទោះជាខាងប្រុសសុំចូលស្តីដណ្តឹងក៏ដោយ។
ឪពុកម្តាយនាង បានធ្វើទារុណកម្មលើផ្លូវចិត្ត និងផ្លូវកាយបង្ខំឱ្យនាងយកកូនចេញ ហើយផ្តាច់ទំនាក់ទំនងជាមួយសង្សារបណ្តូលចិត្តដើម្បីចាប់ផ្តើមទំនាក់ទំនងជាមួយ CEO ម្នាក់។ នាងយល់ព្រមយកកូនចេញទាំងឈឺចាប់ ក្រោយឪពុកម្តាយនាង សន្យាថានឹងមិនបំបែកនាងពីសង្សារ និងបង្ខំនាងឱ្យទៅយកមនុស្សដែលនាងមិនស្រលាញ់ ប៉ុន្តែអ្វីៗគ្រាន់តែជាសន្យាខ្យល់តែប៉ុណ្ណោះ។
ជាមួយនឹងការរៀបរាប់មួយជ្រុងនៃជីវិតនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនឈ្មោះ Lorng នាងក៏បាត់ដំណឹងសូន្យឈឹងរហូតសង្សាររបស់នាងចែករំលែកពីក្តីបារម្ភខ្លាចនាងធ្វើអ្វីផ្តេសផ្តាស ព្រោះសូម្បីតែលោក ក៏មិនអាចទាក់ទងនាងបានដែរ។
បញ្ហាគូស្នេហ៍មួយនេះ កំពុងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមចាប់អារម្មណ៍ជាខ្លាំង និងអាណិតអ្នកទាំង២បំផុត ប៉ុន្តែគ្រប់គ្នាបានត្រឹមផ្តល់យោបល់ និងកម្លាំងចិត្តដោយសង្ឃឹមថា អ្វីៗអាចប្រសើរឡើង៕