
វៀតណាម៖ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នំា២០២២ បច្ឆាមរណពិធី (ពិធីប្រគេនដំណើរចុងក្រោយ)ត្រូវបានគេធ្វើឡើងដើម្បីប្រគេនព្រះភ្លើងបូជាព្រះសពព្រះមហាគរុសមាធិ ថិចញ៉ាតហាញ់ (Thich Nhat Hanh)ដែលព្រះអង្គបានធ្វើអនិច្ចធម្មកាលពីសប្តាហ៍កន្លងទៅ ។ នៅក្នុងបច្ឆាមរណពិធីនេះដែរ គេសង្កេតឃើញមានបរិស័ទរបស់ព្រះមហាគរុសមាធិ និងព្រះសង្ឃរាប់រយពាន់អង្គ/រូប បាននិមន្តនិងអញ្ជើញចូលរួមអមដំណើរចុងក្រោយ និងប្រគេនព្រះមហាកុសលដល់ព្រះវិញ្ញាណក្ខន្ធ័ព្រះមហាគរុសមាធិ។

នៅក្នុងពិធីដង្ហែព្រះសព មិនត្រូវបានគេធ្វើដូចជាបុណ្យសពពលរដ្ឋវៀតណាមសាមញ្ញទូទៅនោះទេ ពោលគឺដំណើរការដង្ហែមានសភាពស្ងប់ស្ងាត់ ប្រកបដោយភាពស្មឹងស្មាធិ៍ដ៏ល្អបំផុត។

ព្រះកិត្តិគុណរបស់ព្រះមហាគរុសមាធិដ៏ល្បីល្បាញក្នុងពិភពលោក ព្រះអង្គត្រូវគេចាត់ទុកថា ជាព្រះវិញ្ញូជនដ៏ប្រសើរមួយព្រះអង្គលំដាប់ទី២ បន្ទាប់ពីសម្តេចសង្ឃដាឡៃឡាម៉ា ហើយព្រះគ្រូក៏ជាអ្នកនាំយកការប្រតិបត្តិវិធីសាស្រ្តធ្វើសមាធិរបស់ព្រះពុទ្ធ និងការចម្រើនអនុស្សតិតាមពុទ្ធបច្ចេកវិធីអនាបាណស្សតិ (ប្រើដង្ហើមចេញចូលដើម្បីចងក្រៀកអារម្មណ៍ឱ្យមូល មិនរាយមាយ) ទៅកាន់ប្រទេសលោកខាងលិចផងដែរ។

លើសពីនេះទៅទៀត ព្រះគ្រូក៏បានជួយផ្សព្វផ្សាយនូវព្រះពុទ្ធវចនៈតាមរយៈសំណេរជាសៀវភៅប្រមាណជា១០០ក្បាល ដើម្បីធ្វើឱ្យគេស្គាល់អំពីទ្រឹស្តី និងទស្សនវិជ្ជាព្រះពុទ្ធសាសនាស្ទើរពាក់កណ្តាលនៃភពផែនដី។
ទីភ្នាក់ងារព័ត៌មាន AFP បានសម្ភាសន៍សិស្សគណរបស់ព្រះគ្រូដែលមកពីទីក្រុងហាណូយ ជាមួយនឹងភរិយានិងកូនប្រុសម្នាក់ផងឈ្មោះ Do Quan បានរៀបរាប់ក្រោយពេលដង្ហែព្រះសពថា៖ “យើងត្រូវតែចូលរួមក្នុងពិធីបច្ឆាមរណៈ ចំពោះគ្រូបាអាចារ្យរបស់យើង ព្រោះថា ព្រះអង្គបានដើរតួនាទីសំខាន់ណាស់ ក្នុងជីវិតគ្រួសាររបស់ខ្ញុំ ដែលបានជួយពួកយើងឱ្យបានឆ្លងរួចផុតពីគ្រាដ៏លំបាកបំផុត”។

ដោយផ្អែកតាមព្រះជីវប្រវត្តិសង្ខេបរបស់ព្រះអង្គបានឱ្យដឹងថា ព្រះមហាគរុសមាធិ Thich Nhat Hanh ប្រសូតត្រនៅវៀតណាមនៅ Nguyen Dinh Lang កាលពីថ្ងៃទី១១ ខែតុលា ឆ្នំា១៩២៦ ទទួលអនិច្ចធម្មកាលពីថ្ងៃទី២២ ខែមករា ឆ្នំា២០២២ ក្នុងជន្មានយុ ៩៥ព្រះវស្សា ដោយព្រះរោគាពាធ។

ការតស៊ូ និង ស្នាព្រះហស្ថរបស់ព្រះមហាគរុសមាធិ Thich Nhat Hanh
ការតស៊ូរបស់ព្រះអង្គបានលេចធ្លោកាលពីទសវត្សរ៍ទី៦០ ក្នុងឋានៈជាអ្នកប្រឆាំងតវ៉ាលើសង្គ្រាមវៀតណាម រហូតដល់មានការភៀសពីកាយទៅគង់នៅប្រទេសបារាំងដ៏រាបរៀងមក។

ព្រះអង្គអាចមានព្រះថេរដីកា (និយាយ) បានរហូតដល់ទៅ៧ភាសា ដោយបានធ្វើបទបង្ហាញមួយនៅសាកលវិទ្យាល័យ Princeton និងសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិកកាលពីដើមទសវត្សរ៍ទី៦០។ នៅពេលព្រះអង្គនិមន្តនិវត្តន៍មកកាន់ប្រទេសវៀតណាមវិញនៅឆ្នំា១៩៦៣ ដើម្បីចូលរួមជាមួយនឹងពុទ្ធសាសនិកវៀតណាមប្រឆាំងទៅនឹងសង្គ្រាមវៀតណាមអាមេរិក ដែលកាលណោះមានព្រះសង្ឃពុទ្ធសាសនាជាច្រើនអង្គបានដុតព្រះកាយដើម្បីសម្តែងការតវ៉ា។

នៅក្នុងឆ្នំា១៩៧៥ ព្រះអង្គបានបង្ហាញនូវសំណេរមួយដ៏ល្បីល្បាញដែលមានខ្លឹមសារថា៖ “សំឡេងរបស់ខ្ញុំ ត្រូវរសាត់តាមសំឡេងបន្លឺឡើងរបស់គ្រាប់បែក កាំភ្លើងត្បាល់ និងការបាញ់ផ្លោងដាក់គ្នា”។
នៅក្នុងឃ្លាចុងក្រោយនៃសំណេររបស់ព្រះអង្គបានបង្ហើបអំពីការឃើញសេចក្តីទុក្ខដ៏ជ្រាលជ្រៅអំពីសង្គមរបស់ព្រះអង្គផ្ទាល់ដោយបានលើកឡើងថា៖ “ខ្ញុំបានឃើញក្រុមជនកុំម្មុយនិស្តនិយម និងក្រុមអ្នកប្រឆាំងនឹងកុំម្មុយនិស្តបំផ្លាញសម្លាប់គ្នាទៅវិញទៅមក ដោយប្រកាន់ជំនឿម្ខាងៗថា ពួកគេមានសិទ្ធិផ្តាច់មុខទៅលើសច្ចភាព”។

ដោយឡែកព្រះតេជគុណ Haenim Sunim ជាសិស្សគណដ៏ល្បីល្បាញហើយក៏ជាអ្នកនិពន្ធមួយព្រះអង្គដែរនោះបាន ប្រាប់ដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសយ៉ាងខ្លីមួយថា៖ “ព្រះអង្គថិច ញ៉ាតហាញ់ (Thich Nhat Hanh) ដូចជាដើមរុក្ខជាតិដ៏ធំមួយ ដែលអាចអនុញ្ញាតឱ្យមនុស្សជាច្រើនចូលជ្រកក្រោមម្លប់បានតាមរយៈមែក និងស្លឹកក្រាលគ្របសព្វទិសានុទិស មានឧបមេយ្យយ៉ាងណា ព្រះអង្គថិច ញ៉ាតហាញ់ (Thich Nhat Hanh) ក៏មានឱវាទនិងទ្រឹស្តីអំពីការធ្វើសមាធិ និងការគ្រប់គ្រងសតិប្រកបដោយករុណាធម៌ដ៏ជ្រាលជ្រៅដូចជាដើមរុក្ខជាតិដ៏ធំដូច្នោះដែរ”៕

ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP/Reuters