
កំពត៖ ខេត្តកំពត បានរៀបចំពិធីប្រគល់រង្វាន់ម៉ូតូ ចំនួន ៧៥គ្រឿង ម៉ាក Honda Dream 2019 និងទឹកប្រាក់ ៤០ម៉ឺនរៀល ជូនដល់សិស្សនិទ្ទេស A ប្រចាំខេត្តនេះ កាលពីថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រគល់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយជាមួយសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១ ទូទាំងខេត្តកំពត។

សូមជម្រាបថាចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២១នេះ ខេត្តកំពតសិស្សប្រឡងជាប់សរុបចំនួន ៣.៦៦៣នាក់ ស្រី២.០៥១នាក់ ក្នុងនោះ៖ សិស្សនិទ្ទេស A ចំនួន៧៥នាក់ ស្រី៤៥នាក់ និទ្ទេស B ចំនួន២០២នាក់ ស្រី១១៦នាក់ និទ្ទេស C ចំនួន៥៥៩នាក់ ស្រី៣៣៦នាក់ និទ្ទេស D ចំនួន១.២២៣នាក់ ស្រី៧៥៣ និទ្ទេស E ចំនួន១.៥៣០នាក់ ស្រី៧៦២នាក់ និង សិស្សអប់រំបច្ចេកទេសចំនួន៧៤នាក់ ស្រី៣៩នាក់

សម្រាប់សិស្សនិទ្ទេស B ក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀល និទ្ទេស C ក្នុងម្នាក់ៗថវិកា១៥ម៉ឺនរៀល និទ្ទេស D ក្នុងម្នាក់ៗ១០ម៉ឺនរៀល និទ្ទេស E ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល និងសិស្សអប់រំបច្ចេកទេសចំនួន៧៤នាក់ ទទួលបានថវិកាចំនួន ៨.៥០០.០០០រៀល។
ដោយឡែកសម្រាប់លោកនាយក នាយករង លោកស្រីនាយិកា នាយិការង លោកគ្រូ អ្នកគ្រូថ្នាក់ទី១២ ចំនួន៥៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល៕