×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

សិស្ស​និទ្ទេស​A ១៥៣នាក់ នៅខេត្ដសៀមរាប ទទួលបាន​រង្វាន់​ម៉ូតូម្នាក់​មួយគ្រឿង ពី​សម្តេចពិជ័យសេនា ទៀ បាញ់

សៀមរាប៖ សិស្សានុសិស្សចំនួន ១៥៣នាក់ នៅខេត្តសៀមរាប ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ពួកគេទទួលបាននូវម៉ូតូម្នាក់ ១គ្រឿង ជាការលើកទឹកចិត្តពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សិស្សដែលប្រឡងជាប់និទ្ទេសAមានចំនួន ១៥៣នាក់ ជាមោទកភាពមួយរបស់ខេត្តសៀមរាប ហើយសម្ដេចពិជ័យសេនាប្រកាសបន្តចែកជូនរង្វាន់ម៉ូតូដល់សិស្សានុសិស្ស ប្រឡងបាក់ឌុប ដែលទទួលបាននិទ្ទេសA នៅឆ្នាំក្រោយបន្តទៀត។ ដូច្នេះរាជរដ្ឋាភិបាលតែងយកចិត្ដទុកដាក់ និងលើកស្ទួយដល់វិស័យអប់រំនៅកម្ពុជា ជាក់ស្ដែងការចែករង្វាន់ម៉ូតូចំនួន ១៥៣គ្រឿង ដល់ពួកគាត់ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសA នាពេលនេះ។ ការប្រឡងជាប់និទ្ទេស A ជាច្រើននាក់នេះ ជាមោទកភាពមួយ ដែលខេត្តសៀមរាបមានការរីកចម្រើនលើវិស័យអប់រំជារៀងរាល់ឆ្នាំ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំឱ្យសិស្សានុសិស្សយកចិត្តសិក្សារៀនសូត្រឱ្យបានជាប់ជាប្រចាំក្នុងនាមយុវជនជាទំពាំងស្នងឫស្សី ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងដើម្បីចូលរួមបម្រើការងារក្នុងសង្គមជាតិ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចូលរួមបន្ដលើកកម្ពស់វិស័យអប់រំ ឱ្យកាន់តែខ្ពស់។
ជាមួយគ្នានេះ លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដសៀមរាប បានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តសៀមរាប ចំនួនបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងជាបន្តបន្ទាប់ ដោយចាប់តាំងពីឆ្នាំ២០១៤។ កាលពីឆ្នាំ២០១៤ បេក្ខជនទទួលបាននិទ្ទេស A មានចំនួនសរុប ២នាក់ (ស្រី ១នាក់) ក្នុងនោះម្នាក់បានទៅបន្តការសិក្សានៅបរទេស។ នៅឆ្នាំ២០១៥ បេក្ខជនទទួលបាននិទ្ទេស A មានចំនួនសរុប ១៤នាក់(ស្រី ៦នាក់) ក្នុងនោះ ៧នាក់ បានទៅបន្តការសិក្សានៅបរទេស។ នៅឆ្នាំ២០១៦ បេក្ខជនទទួលបាននិទ្ទេសA មានចំនួនសរុប ៣៦នាក់ (ស្រី ១៤នាក់) ក្នុងនោះប្រមាណ ១១ភាគរយ បានទៅបន្តការសិក្សានៅប្រទេស។ នៅឆ្នាំ២០១៧ បេក្ខជនទទួលបាននិទ្ទេសA មានចំនួនសរុប ៤៧នាក់(ស្រី ២២នាក់) ក្នុងនោះប្រមាណ ១៣ភាគរយ បានទៅបន្តការសិក្សានៅបរទេស។ ឆ្នាំ២០១៨ បេក្ខជនទទួលបាននិទ្ទេស A មានចំនួនសរុប ៣១នាក់(ស្រី ១៨នាក់) ក្នុងនោះប្រមាណ ២៣ភាគរយ បានទៅបន្តការសិក្សានៅបរទេស។ ឆ្នាំ២០១៩ បេក្ខជនទទួលបាននិទ្ទេស A មានចំនួនសរុប ៣៨នាក់ (ស្រី ១៥នាក់) ក្នុងនោះប្រមាណ ១៨ភាគរយ បានទៅបន្តការសិក្សានៅបរទេស។ នៅឆ្នាំ២០២០ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវបានកំណត់ឱ្យជាប់ដោយស្វ័យប្រវត្តិ និងពុំទទួលបាននិរទ្ទេសនោះទេ។

ក្នុងឆ្នាំសិក្សា២០២០-២០២១ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួនបេក្ខជនដាក់ពាក្យសរុប ៨៨៣២នាក់ (ស្រី ៥០៣៨នាក់) មកប្រឡងសរុប ៨.៦៥៩នាក់(ស្រី ៤៩៥២នាក់) ក្នុងនោះផ្នែកវិទ្យាសាស្ត្រពិតមាន៤មណ្ឌល ត្រូវជា ១១២បន្ទប់ បេក្ខជនសរុប ២ ៧៦៤នាក់ (ស្រី ១ ៧៧១នាក់)។ ផ្នែកវិទ្យាសាស្ត្រសង្គមមាន៨មណ្ឌល ត្រូវជា ២៤៥បន្ទប់ បេក្ខជនសរុប ៦ ១១៥នាក់ (ស្រី ៣ ២៨២នាក់)។ បេក្ខជនបានប្រឡងជាប់សរុប ៦៤៣៤នាក់ (ស្រី៣៨៥៤នាក់) ត្រូវជា៧៤,៣០ភាគរយ (ស្រី,៧៧,៨៣%) ក្នុងនោះ និទ្ទេស A សរុប ១៥៣នាក់ (ស្រី ៨៩នាក់) និទ្ទេស B សរុប ៤០៥នាក់ (ស្រី ២៥១នាក់) និរទ្ទេស C សរុប ១.០៧៤នាក់ (ស្រី ៦៩៣នាក់) និទ្ទេស D សរុប ២៣០១នាក់ (ស្រី ១៤៧៦នាក់) និទ្ទេស E សរុប ២ ៥០១នាក់ (ស្រី ១ ៣៥៥នាក់)៕

អត្ថបទ៖ ជា ស្រស់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង