ហុងកុង៖ ឆ្នាំ១៩៩៥ គឺជាឆ្នាំដែលតារាសម្តែង Hawick Lau ដែលគ្រប់គ្នាសុទ្ធតែបានស្គាល់ហើយថា តារាប្រុសវ័យ ៤៧ឆ្នាំរូបនេះ គឺជាអតីតស្វាមីរបស់តារាសម្តែងលំដាប់កំពូល Yang Mi ដែលអ្នកទាំង២បានលែងលះគ្នាតាំងពីឆ្នាំ២០១៨មក និងបន្សល់ទុកកូនស្រីម្នាក់ស្ថិតក្រោមការមើលថែពីគ្រួសាររបស់ Hawick។
យោងតាមព័ត៌មានដែលធ្លាប់បានចុះផ្សាយកន្លងមកថា Hawick ធ្លាប់បានយកកូនស្រីឱ្យ Yang Mi មើលថែមួយរយៈដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងម្តាយ និងកូន ប៉ុន្តែបែរត្រូវ Yang Mi បដិសេដដោយប្រាប់វិញថា នាងមមាញឹកនឹងការងារខ្លាំងគ្មានពេលមើលថែឡើយ។ តារាស្រីរូបនេះ ត្រូវបានមហាជននាំគ្នារិះគន់ខ្លាំង ចំពោះទង្វើមិនសូវអើពើជាមួយកូនស្រីដោយពួកគេបាននិយាយថា Yang Mi អាត្មានិយម និងជាម្តាយដែលគ្មានទំនួលខុសត្រូវ។
គ្រប់គ្នាបានសង្កេតឃើញថា ក្រោយបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្នាមក សន្ទុះនៃការងារសិល្បៈរវាងអតីតគូស្វាមីភរិយាមួយនេះ មានភាពផ្ទុយគ្នាស្រលះដោយ Yang Mi កាន់តែមានទីផ្សារសិល្បៈលើសលប់ ខណៈពេលដែល Hawick ស្ងប់ស្ងាត់មិនមានផលិតកម្មណាទាក់ទងឱ្យថតភាពយន្តឡើយ ពោលគឺស្ងាត់ឈឺងតែម្តង។
ទោះជាយ៉ាងណា បើតាមព័ត៌មានកំពុងទទួលបានការចាប់អារម្មណ៍ពេលនេះបានឱ្យដឹងថា អំលុងពេលប្រលូកក្នុងវិស័យសិល្បៈ Hawick បានយកប្រាក់ចំណូលពីសិល្បៈទៅបោះទុនលើអចលនទ្រព្យជាច្រើនរហូតគិតមកទល់ពេលនេះលោកមានទ្រព្យសម្បត្តិមិនតិចជាង ២០០លានដុល្លារហុងកុងឡើយ ដែលនេះបានបង្ហាញឱ្យឃើញថា បើទោះជាលោកស្ងប់ស្ងាត់ពីសិល្បៈមួយរយៈមុនក៏លោកមិនអាចមានបញ្ហាផ្នែកហិរញ្ញវត្ថុដែរ។
គួរបញ្ជាក់ដែរថា ពេលនេះទីផ្សារសិល្បៈរបស់តារាប្រុសរូបនេះបានចាប់ផ្តើមមានទីផ្សារឡើងវិញបណ្តើរៗហើយ ដោយលោកបានទទួលថតរឿងថ្មីនៅលើទឹកដីប្រទេសចិន។ យ៉ាងណាមិញ មុននឹងចាប់ផ្តើមការងារថ្មី លោកបានត្រលប់មកទឹកដីហុងកុងដើម្បីកំដរកូនស្រីមុនពេលត្រូវឃ្លាតរយៈពេល៣ខែ៕