×

ប្រវត្តិសាស្ត្រ​អាក្រក់បំផុត! អាមេរិក​មាន​វិបត្តិ​ខ្វះឈាម​បម្រុង

វិបត្តិកូវីដញាំញីអាមេរិក និងពិភពលោកចូលក្បាល ៣ឆ្នាំហើយ គិតចាប់ពីចុង២០១៩មក ហើយក្រៅពីបញ្ហាសុខភាពសាធារណៈ យន្តការទប់ស្កាត់ការរីករាលដាល បញ្ហាសេដ្ឋកិច្ច និងរឿងជាច្រើនទៀត ពេលនេះប្រទេសនេះកំពុងជួបវិបត្តិជាប្រវត្តិសាស្ត្រថ្មីបំផុតមួយទៀតមិនធ្លាប់មានគឺ ខ្វះឈាមបម្រុង។

សារព័ត៌មានអាមេរិកធំៗចេញផ្សាយពីបញ្ហានេះដោយលើកឡើងពីសញ្ញាណគ្រោះថ្នាក់ក្នុងការសង្គ្រោះអ្នកជំងឺបន្ទាន់នានាដែលត្រូវការឈាមបញ្ចូលជាចាំបាច់ថា នៅតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមច្រើនកន្លែង ប្រភេទឈាមខ្លះមានបម្រុងតែមួយថ្ងៃៗប៉ុណ្ណោះ អត់មានច្រើនដូចមុនកូវីដ១៩ រាតត្បាតទេ។ នេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលកាកបាទក្រហមអាមេរិកប្រកាសពីភាពខ្វះខាតនេះកាលពីចុងខែ មករា ២០២២។
ឈាមមិនអាចផលិតបានទេ ហើយមានតែមធ្យោបាយមួយគត់គឺការបរិច្ចាគ។ ការមានឈាមបម្រុងបរិបូរ ស្ដែងឱ្យឃើញពីសុខភាពជាតិទាំងមូល។ កាកបាទក្រហមដដែលបញ្ជាក់ថា តម្រូវការប្រចាំថ្ងៃទូទាំងប្រទេសត្រូវការ៖

• កោសិកាឈាមក្រហម ២៩ ០០០ប្លោក
• ប្លាកែត ៥ពាន់ប្លោក និង
• ប្លាស្មា ៦ ៥០០ប្លោក ។

• គិតតែជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មួយផ្នែក ត្រូវការឈាម (៣ប្រភេទខាងលើបញ្ចូលគ្នា) ១០០ប្លោកទៅហើយក្នុងមួយថ្ងៃ។ ដូច្នេះ ការបរិច្ចាគឈាមរបស់សប្បុរសជនម្នាក់ អាចសង្គ្រោះជីវិតជនរងគ្រោះលើសពីម្នាក់។
• ស្ថាប័នពាក់ព័ន្ធសំខាន់ៗច្រើនទៀតដូចជា សមាគមវេជ្ជសាស្ត្រ សមាគមមន្ទីរពេទ្យ សមាគមគិលានុបដ្ឋាកបានចេញសេចក្ដីថ្លែងការណ៍រួមបែបនេះថា “ជាបញ្ហាធំធេងណាស់ចំពោះក្រុមគ្រូពេទ្យ ក្នុងការសង្គ្រោះអាយុជីវិតអ្នកជំងឺបន្ទាន់ឱ្យទាន់ពេល…។”
• ការបញ្ចូលឈាមឱ្យអ្នកជំងឺមួយចំនួនដូចជា អ្នកទាមទារការវះកាត់ អ្នកជំងឺស្លេកស្លាំង អ្នកជំងឺមហារីក ឬករណីចាំបាច់មួយចំនួនសូម្បីអ្នកជំងឺកូវីដ១៩ ក៏ទាមទារការបញ្ចូលឈាមដូចគ្នាដែរ។ គួរបញ្ជាក់ថារាល់ឆ្នាំ មានពលរដ្ឋអាមេរិកជាង ១២,៥លាននាក់បរិច្ចាគឈាមរាល់ឆ្នាំ ទើបឈាមតាមស្ថាប័នសំខាន់ៗខាងលើមានគ្រប់គ្រាន់ លុះបរិបទកូវីដឆ្លងរាលដាលដល់អាមេរិក រហូតធ្វើឱ្យប្រទេសនេះ ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានអ្នកឆ្លងច្រើនបំផុត ទើបជះឥទ្ធិពលដល់លទ្ធភាពក្នុងការបរិច្ចាគឈាមធ្លាក់ចុះយ៉ាងគំហុក៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង