×

ក្រសួងទេសចរណ៍ ប្រកាស​ចាប់ផ្តើម​មហោស្រព​ម្ហូបអាហារនិម្មិត ផ្សព្វផ្សាយ​ម្ហូបខ្មែរ​បែបប្រពៃណី

ភ្នំពេញ៖ កម្មវិធី ”មហោស្រពម្ហូបអាហារនិម្មិត” (Virtual Food Festival) របស់ក្រសួងទេសចរណ៍ និងដៃគូគាំទ្រ បានចាប់ផ្តើមហើយ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមគម្រោង “ស្វែងរកនូវភាពអច្ឆរិយៈរបស់ប្រទេសកម្ពុជា” ដើម្បីផ្សព្វផ្សាយម្ហូបខ្មែរបែបប្រពៃណីដ៏ឈ្ងុយឆ្ងាញ់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ពិធីបើកកម្មវិធី នាព្រឹកមិញនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ហើយនឹងត្រូវរៀបចំក្នុងមួយសប្តាហ៍ម្តង សម្រាប់រយៈពេល៤សប្តាហ៍ជាប់ៗគ្នា។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ “ក្រសួងទេសចរណ៍ មានក្តីសោមនស្ស ក្នុងការបង្ហាញពីអច្ឆរិយៈភាពរបស់កម្ពុជា តាមរយៈការណែនាំពីគោលដៅ អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៅទូទាំងប្រទេស ដែលមិនសូវមានអ្នកស្គាល់ច្រើននៅឡើយ រួមជាមួយនិងការបង្ហាញពីម្ហូបអាហារខ្មែរដ៏អស្ចារ្យ ដែលយើងមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈ «កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍» (TCBP) ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងដោយមានកិច្ចសហការពីក្រុមហ៊ុន Redhill Communications”។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង