
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ ឱ្យលុបបំបាត់សកម្មភាពខុសឆ្គង នៃការអនុវត្តច្បាប់លើអ្នកបើកបរល្មើស ដើម្បីឱ្យស័ក្តិសមជាកងកម្លាំងនគរបាលជាតិ។

នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់ការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវបែងចែក តួនាទីភារកិច្ច និងត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវ ប្រកបដោយកាយវិការ និងពាក្យសម្តីឱ្យបានសមរម្យ លុបបំបាត់ឱ្យបាននូវការចេញចាប់ដៃយកលុយពីរថយន្តដឹកទំនិញ និងរថយន្តផ្សេងៗទៀត ។
ស្នងការនគរបាល រាជធានីភ្នំពេញ បានដាស់តឿនដល់មន្រ្តីនគរបាល ឱ្យពន្យល់អ្នកបើកបរល្មើសច្បាប់ អំពីកំហុសតាមរយៈពាក្យសម្តី និងកាយវិការសមរម្យ ព្រមទាំងចេញបណ្ណផាកពិន័យឱ្យបានត្រឹមត្រូវតាមច្បាប់ និងហាមមិនឱ្យមានការឈ្លោះប្រកែកជាមួយអ្នកស្រវឹងជោគជាំ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ ក៏បានបានណែនាំដល់កម្លាំងចរាចរណ៍ទាំងអស់ គ្រប់គោលដៅត្រូវទទួលខុសត្រូវខ្ពស់លើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសត្រូវល្បាតចល័តជាប្រចាំតាមដងផ្លូវសំខាន់ៗ និងជំរុញដល់គ្រប់អង្គភាពទាំងអស់ ឱ្យប្រមូលព័ត៌មាននានា ដើម្បីបកស្រាយ ឆ្លើយតប ផងដែរ ៕
