ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩តេជោសន្តិភាពរាជធានីភ្នំពេញ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតម្រូវឱ្យធ្វើការសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។ ពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់ ដែលត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះ មានឈ្មោះថា តេជោសន្តិភាពរាជធានីភ្នំពេញ ដែលត្រូវសាងសង់ចំនួន ១១អាគារ នៅលើផ្ទៃដីជាង ៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលនឹងត្រូវសាងសង់ឱ្យបានរួចរាល់ក្នុងរយៈពេលរវាង១ឆ្នាំ។ គម្រោងនេះកើតឡើងក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សដើម្បីបំពេញតម្រូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ពិសេសក្នុងរាជធានីភ្នំពេញ ក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សចូលក្នុងសហគមន៍ដោយបានបំប្លែងខ្លួនជាអូមីក្រុង និងមានការឆ្លងលឿនទៀតផង។ ការនេះមន្ត្រីសុខាភិបាលបានបង្ហាញពីក្តីបារម្ភ ពីការរាលដាលនៃជំងឺដ៏កាចសាហាវនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យខិតខំយកចិត្តទុកដាក់អនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានហ្មត់ចត់ និងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ដូស និងដូសជំរុញ។
សូមបញ្ជាក់ថា ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩នាពេលនេះ បានបង្ហាញឱ្យឃើញពី ការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោ ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលមិនដឹងថា វានឹងបញ្ចប់នៅពេលណា។ ដូច្នេះត្រូវ រៀនរស់តាមរបត់ថ្មីនៃសម័យកូវីដ ហើយអាគារមណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះ ក៏ជាសមិទ្ធិផលថ្មីដែលនឹងកើតចេញជារូបរាងនៅដើមឆ្នាំ២០២២៕
ដោយ៖ គន្ធ តារាវិឆ័យ