ហុងកុង៖ នៅសុខៗ ភ្នែករបស់តារាសម្តែងជើងចាស់ Peter Lai ឡើងហើម ទើបលោកបានទៅមន្ទីរពេទ្យពិនិត្យដោយគ្រូពេទ្យបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យភ្នែករបស់លោកឡើងហើមបែបនេះដោយសារតែសរសៃឈាមខួរក្បាលរបស់លោករួមតូច។
ក្រៅពីសរសៃឈាមរួមតូចនៅខួរក្បាលហើយ គ្រូពេទ្យក៏ប្រទះឃើញសរសៃឈាមបេះដូងរបស់លោកក៏រួមតូចដូចគ្នា ពេលនោះលោកក៏បានសម្រេចចិត្តធ្វើការវះកាត់ដើម្បីបើកសរសៃឈាមបេះដូងឱ្យមានភាពប្រក្រតីឡើងវិញ។
បន្ទាប់ពីធ្វើការវះកាត់បានជោគជ័យហើយ Peter នៅជួបឧបសគ្គមួយទៀត គឺលោកគ្មានប្រាក់បង់ថ្លៃពេទ្យដោយគិតត្រឹមថ្លៃមន្ទីរពេទ្យ ត្រូវចំណាយជាង១ម៉ឺនដុល្លារ និងថ្លៃវះកាត់ត្រូវចំណាយអស់ជាង២ម៉ឺនដុល្លារបន្ថែម ទើបលោកមិនមានលទ្ធភាពគ្រប់គ្រាន់ក្រោយសម្រាកការងារអស់រយៈពេលខ្លីមកនេះ។
តែជាសំណាងដែលកូនប្រុសធម៌របស់លោក គឺតារាសម្តែងប្រុស Bosco Wong បានចេញមុខបង់ថ្លៃមន្ទីរពេទ្យឱ្យភ្លាមបន្ទាប់ពីទទួលបានដំណឹង ប៉ុន្តែមិនមានប្រភពណាមួយបញ្ជាក់ឡើយថា ប្រាក់ទាំងនោះលោកឱ្យ Peter ខ្ចី ឬជាការជួយដោយមិនត្រូវការសងត្រលប់មកវិញនោះទេ។
នៅពេលដែលសារព័ត៌មានបានសួរនាំទាក់ទងថ្លៃមន្ទីរពេទ្យ Bosco បានឆ្លើយយ៉ាងសាមញ្ញថា “រឿងបែបនេះរវាងឪពុក និងកូនគ្មានអ្វីត្រូវនិយាយច្រើនឡើយ ប្រសិនមានសមត្ថភាពជួយបាន គឺត្រូវធ្វើ”។ គួរបញ្ជាក់ដែរថា Peter និង Bosco បានស្គាល់គ្នាតាមរយៈការសម្តែងរឿង “ម្តាយក្មេកកាច ប៉ះកូនប្រសារឆ្នាស” ក្នុងឆ្នាំ២០០៤ ចាប់ពីពេលនោះមក អ្នកទាំង២ក៏សម្រេចចិត្តរាប់អានគ្នាជាឪពុក និងកូនធម៌តែម្តង៕