
ភ្នំពេញ៖ ខេត្តកណ្តាល ខេត្តកែប និងរាជធានីភ្នំពេញ បានក្លាយជាតំបន់ដែលគ្មានគ្រាប់មីនប្រឆាំងមនុស្សមុនគេបង្អស់នៅកម្ពុជា។ នេះបើយោងតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បញ្ជាក់នៅថ្ងៃនេះ។

លោក ហេង រតនា បញ្ជាក់ថា អង្គភាពស៊ីម៉ាក់ បានសម្រេចភារកិច្ចក្នុងការបញ្ចប់កិច្ចប្រតិបតិ្តការ រំដោះផ្ទៃដីរងផលប៉ះពាល់ ដោយគ្រាប់មីនប្រឆាំងមនុស្ស ដែលបានដឹង និងមានកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិស្ថិតក្នុងខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ បន្តបន្ទាប់ទាំងស្រុងហើយ។

ខេត្តកណ្តាលមានចំនួន ៣ ពហុកោណ (ចម្ការមីន) មានផ្ទៃដីចំនួន ៦៤ ហិកតា ខេត្តកែប មានចំនួន ៨ ពហុកោណ ស្មើនឹង ៦៩,៨ ហិកតា និងរាជធានីភ្នំពេញ មានចំនួន ១៤ ពហុកោណស្មើនឹង ១២៥,៧ ហិកតា។ ដូចនេះខេត្តកណ្តាល ខេត្តកែប និងរាជធានីភ្នំពេញ ជាខេត្ត-រាជធានី គ្មានការគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំងមុនគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ទិសដៅបន្តបន្ទាប់ ស៊ីម៉ាក់ ចល័តកម្លាំងចូលទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តតាកែវ ដែលជាគោលដៅបញ្ចប់បញ្ហាគ្រាប់មីនប្រឆាំងមនុស្ស ក្នុងឆ្នាំ២០២២នេះ៕
