កណ្ដាល៖ ស៊ីម៉ាក់ បានប្រទះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណ ២៣០គីឡូក្រាមចំនួន ១គ្រាប់ ជាសំណល់សង្គ្រាម ស្ថិតនៅភូមិក្តឿង ឃុំតាដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នេះបើយោងតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា (ស៊ីម៉ាក់) ។
ការប្រទះឃើញនេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីកម្លាំងជំនាញរបស់អង្គភាពស៊ីម៉ាក់ភ្នំពេញ ចុះប្រតិបត្តិការកម្ចាត់គ្រាប់មិនទាន់ផ្ទុះនៅទីតាំងខាងលើ ដែលគ្រាប់បានកប់នៅជម្រៅប្រមាណ ១៥ម៉ែត្រ ប្រទះឃើញដោយម្ចាស់ការដ្ឋានរណ្ដៅដី។
កម្លាំងស៊ីម៉ាក់ បានដោះបន្សាបគ្រាប់បែកនេះ ប្រកបដោយជោគជ័យ និងសុវត្ថិភាព បន្ទាប់ពីវាបានកប់នៅក្នុងដីជាង ៥០ឆ្នាំ៕