×

ក្រសួងទេសចរណ៍ និងស្ថាប័ន២ នឹង​បើក​យុទ្ធនាការ​សម្អាត​ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដោយប្រើប្រាស់​ទូក​បំពាក់​បច្ចេកវិទ្យា​ទំនើប​របស់​អាល្លឺម៉ង់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នៅថ្ងៃទី១៤ ខែមីនា បានជួបជាមួយលោក Clemens Nepomuk Feigl ប្រធាន និងជាសហស្ថាបនិកក្រុមហ៊ុន Everwave GmbH, លោកបណ្ឌិត Tilman Petter Flöhr ប្រធានផ្នែកបច្ចេកទេស និងជាសហស្ថាបនិក Everwave GmbH និងលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការ River Ocean Cleanup និងក្រុមការងារ ដើម្បីពិភាក្សាការងារលើយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

បើយោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា យុទ្ធនាការសម្អាតទន្លេមេគង្គនេះ នឹងប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ មានឈ្មោះថា «Moringa by Landmarken» ដែលមានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាម៉េរ៉ា និងមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុងមួយថ្ងៃ។

លោក Clemens Nepomuk Feigl បានថ្លែងនូវសេចក្តីរីករាយដែលបានជួបសម្តែងការគួរសមជាមួយលោករដ្ឋមន្រី្តក្រសួងទេសចរណ៍ និងមានឱកាសបង្ហាញយុទ្ធនាការ សម្អាតទន្លេជាប្រវត្តិសាស្ត្រនេះ។ យុទ្ធនាការនេះ នឹងប្រើប្រាស់ទូក CollectiX ប្រមូលសំរាមចេញពីក្នុងទឹក និងមានការប្រមូលសំរាមនៅតាមបណ្តោយច្រាំងទន្លេចាប់ពី ខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២។ សំរាមដែលប្រមូលបាននឹងត្រូវយកទៅបែងចែកនៅទីតាំងបែងចែកសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ everwave និងអង្គការ River Ocean Cleanup រួចសំរាមដែលពុំអាចកែច្នៃបាននឹងត្រូវបញ្ជូនទៅបម្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ដ៍។

ជាការឆ្លើយតប លោក ថោង ខុន ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រាសសង្គម Everwave និងអង្គការ River Ocean Cleanup ដែលបានរៀបចំយុទ្ធនាការ សម្អាតទន្លេនេះឡើង ដែលជាបេសកកម្មជាប្រវតិ្តសាស្រ្តដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ចូលរួមចំណែកក្នុងការធ្វើឲ្យទន្លេស្អាត ទីក្រុងស្អាត ពិសេសចូលរួមក្នុងយុទ្ធនាការ ប្រឡងប្រណាំង ទីក្រុងស្អាតនៅកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា យន្តការប្រឡងប្រណាំងទីក្រុងស្អាត គឺត្រូវបានបង្កើត និងដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ២០១១ មកដល់បច្ចុប្បន្នទទួលបានការគាំទ្រ និងមានភាពរីកចម្រើនច្រើនគួរជាទីមោទនៈ ដែលពីមុនយន្នការគ្រប់គ្រងសំណល់ភាគច្រើនគឺនៅលើគោក តែឥឡូវនេះ បានសហការជាមួយ Everwave និង River and Ocean Cleanup ធ្វើការសម្អាតសំរាមក្នុងទឹកតាមដងទន្លេបន្ថែមទៀត ដែលទាំងនេះមិនត្រឹមតែជាការសម្រេចបានក្តីសុបិន្តមួយ ក្នុងការពារបរិស្ថានក្នុងទឹក និងលើផ្ទៃទឹក ដ៏មានសារៈសំខាន់ប៉ុណ្ណោះទេ តែក៏ជាសារមួយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំរាម ទាំងលើគោក និងផ្ទៃទឹកផងដែរ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានអំពាវនាវឱ្យក្រុមការងារបន្តបេសកកម្មសម្អាតទន្លេនេះរយៈពេលវែង និងមិនត្រឹមតែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺត្រូវបន្តទៅខេត្ត ឬតំបន់ដែលមានទេសចរណ៍ប្រមូលផ្តុំ ដូចជាតំបន់ចុងឃ្នាស ខេត្តសៀមរាប និងខេត្តជាប់ទន្លេផ្ និងសមុទ្រផ្សេងៗទៀត ដើម្បីចូលរួមជំរុញភាពស្អាត និងបៃតងនៅ តាមដងទន្លេ និងសមុទ្រនដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យជិះទូក ឬធ្វើសកម្មភាពទេសចរណ៍តាមទន្លេ និង សមុទ្រឲ្យកាន់តែច្រើនថែមទៀតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង