
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងសរុបប្រមាណ ៤៤លានដូស ខណៈការប្រើប្រាស់វិញ អស់ប្រមាណ ៣៦លានដូសហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានចុះផ្សាយដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

សូមជម្រាបថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zeneca ចំនួន ៥២៣,១០០ដូសទៀត ដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រី ជូនរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។
សូមបញ្ជាក់ថាបើតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥៦% ធៀបជាមួយចំនួនប្រជាជនគោលដៅឆ ១០ លាននាក់។
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១.៨២៧.៣៤៨ នាក់។
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧.៣៨២ នាក់
-កុមារអាយុ ០៥ឆ្នាំ មាន ១២១,២៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤.៣១៧ នាក់។
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៤៤,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០.៧៣០ នាក់។ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩២,២៧% ៕
