ភ្នំពេញ៖ ថ្ងៃដែលតារាកំប្លែងស្រី វ៉ាន់ នីឡា ទន្ទឹងរង់ចាំបានមកដល់ហើយ ក្រោយពន្យារពេលម្តងហើយម្តងទៀតក្នុងថ្ងៃមង្គលរបស់ខ្លួនដោយសារការរីករាលដាលនៃវីរុសកូវីដ១៩។ ទីបំផុត វ៉ាន់ នីឡា និងអនាគតស្វាមីនឹងត្រូវកាន់ដៃគ្នាចូលរោងជ័យនៅថ្ងៃស្អែកនេះជាផ្លូវការហើយបន្ទាប់ពីភ្ជាប់ពាក្យអស់ជាច្រើនឆ្នាំមកនេះ។
ទាំងកូនកម្លោះ ទាំងកូនក្រមុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ពិធីមង្គលថ្ងៃស្អែកនេះដោយមានអ្នកគាំទ្រនាំគ្នាជូនពរតារាកំប្លែងស្រីវ័យក្មេងរូបនេះជាច្រើន។ ទន្ទឹមនឹងនេះ លោកតាវ៉ិចទ័រដែលជាឪពុករបស់ នីឡា ក៏បានចែករំលែករូបថតពីក្មេង និងរូបថត Pre-Wedding ដោយបង្ហាញអារម្មណ៍រំភើបហាក់បីចង់ប្រាប់ឱ្យគ្រប់គ្នាបានដឹងថា កូនស្រីរបស់លោកបានរកឃើញសុភមង្គលរបស់នាងហើយ។
ពេលវេលាពិតជាដើរលឿន ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នីឡា ដែលជាក្មេងស្រីម្នាក់សម្តែងកំប្លែងលើឆាកទូរទស្សន៍ CTN ថ្ងៃមុនបានធំពេញរូបពេញរាង និងត្រៀមខ្លួនក្លាយជាកូនក្រមុំនៅថ្ងៃស្អែកនេះទៅហើយ៕